ព័ត៌មាន
ពលរដ្ឋបង្ហាញក្ដីរីករាយ ខណៈទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើងច្រើន និងមានតម្លៃល្អ
ខណៈដែលរដូវត្រីធ្វើផ្អក ប្រហុក ត្រីឆ្អើរ បានចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី២៥ ខែធ្នូនេះទៅ ប្រជាពលរដ្ឋទាំងទីជិត និងទីឆ្ងាយ បាននាំគ្នាមកទិញ ដើម្បីធ្វើទុកហូបផង និងសម្រាប់លក់ផងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋដែលតែងតែនិយមទៅទិញត្រីដើម្បីធ្វើប្រហុកទុកទទួលទាននោះ បានលើកឡើងថា ត្រីប្រហុកឆ្នាំនេះមានភាពល្អប្រសើរជាងមុន ហើយក៏មានតម្លៃសមរម្យ។

កំពុងរង់ចាំកាត់ក្បាលត្រីដើម្បីយកទៅធ្វើប្រហុក អ្នកស្រី ង៉ែត វឿន មកពីស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា មិនខុសពីឆ្នាំកន្លងៗទៅទេ អ្នកស្រីរួមទាំងសាច់ញាតិតែងតែមកទិញត្រីកាត់ធ្វើប្រហុក ដើម្បីទុកសម្រាប់ហូបផង និងដើម្បីលក់ផង។ អ្នកស្រី បានបន្តថា ឆ្នាំនេះដោយសារត្រីសម្បូរ ហើយតម្លៃល្អ អ្នកស្រីបានទិញត្រីចំនួន ៥០០ ទៅ៦០០គីឡូ ដោយក្នុងមួយគីឡូថ្លៃជិត ១ពាន់រៀល ក្នុង១គីឡូ ទៅតាមទំហំត្រី។
ប្រជាពលរដ្ឋដែលមកពីតំបន់ផ្សេងៗគ្នា ក្នុងគោលដៅតែមួយដើម្បីទិញត្រីយកទៅធ្វើប្រហុក ផ្អក សម្រាប់ទទួលទាន នៅតំបន់កំពុងលួង ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានលើកឡើងថា តម្លៃត្រីឆ្នាំនេះ និងឆ្នាំមុន គឺប្រហាក់ប្រហែលគ្នា ចន្លោះពី ៣០០រៀល ទៅ៩០០រៀល ក្នុង១គីឡូក្រាម ទៅតាមទំហំ និងប្រភេទត្រីខុសៗគ្នា។ ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងស្រដៀងគ្នាទៀតថា ការមកទិញត្រីប្រហុក ផ្អកនេះ គឺមកក្នុងមួយឆ្នាំម្តង ដើម្បីទុកប្រើពេញមួយឆ្នាំបន្ទាប់។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រីតាមពេលវេលា និងទីកន្លែងគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ