ព័ត៌មាន
ក្រសួងបរិស្ថាន ជំរុញចលនាបណ្តុះកូនឈើ និងដាំបន្លែរក្សាសុខភាពក្នុងស្មារតីជួយជាតិ និងការពារទឹកដីកម្ពុជា
ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើបន្ថែមទៀត ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។ មន្រ្តីជំនាញក្រសួងបរិស្ថានប្រចាំការ តាមថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង បាននិងកំពុងចែករំលែកចំណេះដឹង លើកការបណ្តុះដើមឈើ និងបំផុសសកម្មភាពដាំបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ នៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផលិតបន្លែបន្លែសុវត្ថិភាព ជួយផ្គត់ផ្គង់គ្រួសារ ផ្តល់ស្បៀងសម្រាប់សមរភូមិជួរមុខ និងជួយជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានជំរុញឱ្យមន្រ្តីជំនាញ ចែករំលែកចំណេះដឹងលើការដាំដុះ កូនឈើចម្រុះ និងបន្លែសេរីរាង្គ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ ចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ បានត្រូវរៀបចំ ធ្វើឡើង ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍។ ចំពោះកូនឈើហូបផ្លែ និងបន្លែសេរីរាង្គ គឺអាចដាំដុះងាយបានផល ក្នុងនោះបន្លែដែលមានរយៈពេលខ្លី មានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម អាចបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី ប្រយុទ្ធប្រឆាំងនឹងចោរឈ្លារនពាន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានបានជំរុញយុទ្ធនាការ «ពន្លកបៃតង» នៅតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង ដោយជំរុញសកម្មភាពបណ្តុះកូនឈើ និងការដាំបន្លែ គឺស្របតាមយុទ្ធសាស្រ្តនិងគោនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្ថម្ភទី២ គឺ«ភាពបៃតង»។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង លើការដាំដុះកូនឈើ និងដាំបន្លែនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ជាច្រើននាក់។ អ្នកចូលរួមបានប្ដេជ្ញា ចូលរួមដាំដុះ និងថែទាំពន្លកបៃតង (កូនឈើនិងបន្លែបង្ការ) ឲ្យបានរីលូតលាស់ល្អ ឆ្លើយតមតម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ខ្មែរស្រឡាញ់សន្តិភាព។

គួរបញ្ជាក់ដែរថា កម្មវិធីខាងលើក៏បានចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ៕









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន