ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ ផ្លូវចំនួន២ខ្សែ បម្រើចរាចរណ៍ដ៏សំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងឃុំប្រម៉ោយ និងឃុំក្រពើពីរ តភ្ជាប់មកផ្លូវជាតិលេខ៥៥ ឆ្ពោះទៅទីរួមស្រុកវាលវែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាប្រែក្លាយទៅជាផ្លូវកៅស៊ូពីរជាន់ DBST មានភាពធំទូលាយ ងាយស្រួលធ្វើដំណើរ ជំនួសឲ្យផ្លូវចាស់តូចចង្អៀត តាមរយៈគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្លូវទាំង០២ខ្សែនេះមានប្រវែងសរុប ជិត១៥គីឡូម៉ែត្រ បូករួមនិងសំណង់លូជាច្រើនកន្លែង ដោយមានប្រជាពលរដ្ឋជាអ្នកប្រើប្រាស់អាស្រ័យផលដោយផ្ទាល់ចំនួន៥៧៨០គ្រួសារ និងប្រជាពលរដ្ឋអាស្រ័យផលដោយប្រយោលប្រមាណ ៤០០០គ្រួសារ ក្នុងនោះផ្លូវខ្សែទី១ ភ្ជាប់ពីផ្លូវជាតិលេខ៥៥ ទៅកំប៉ង មានប្រវែង ៧២៣២ម៉ែត្រ សម្រេចការសាងសង់បានជិត២៨ភាគរយ ចំណែកខ្សែទី២ គឺផ្លូវស្ទឹងថ្មី-ទំព័រ ប្រវែង៧៤១៥ម៉ែត្រ សម្រេចការសាងសង់បាន១០ភាគរយ ។ លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា តាមផែនការគ្រោងទុក ផ្លូវទាំង០២ខ្សែនេះ នឹងស្ថាបនារួចរាល់ ១០០ភាគរយនៅចុងឆ្នាំ២០២៦។
សូមជម្រាបជូនថា រាជដ្ឋាភិបាលកម្ពុជាបានទទួលថវិកាពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដើម្បីអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថាគម្រោង SAAMBAT តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ទិសដៅគម្រោងគឺ “ដើម្បីកាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀង” ។ គោលបំណងនៃការអភិវឌ្ឍន៍របស់គម្រោងគឺ ដើម្បីបង្កើនផលិតភាពរបស់ យុវជន សហគ្រាស និងសេដ្ឋកិច្ច នៅតំបន់ជនបទ។ បច្ចុប្បន្នគម្រោង SAAMBAT គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុកតាលោសែនជ័យទទួលបានផ្លូវ១ខ្សែស្ថាបនារួចរាល់ក្នុងជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀងទទួលបានចំនួន០៥ខ្សែកំពុងស្ថាបនា៕
-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា