ព័ត៌មាន
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ ឯកឧត្តមបានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង