ព័ត៌មាន
កម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជំនួបក្នុងថ្ងៃនេះជាឱកាសដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមយន្តការរបស់គ.ប.ឆ.ប. ដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាប្រធាន បានបង្ហាញលទ្ធផលជាផ្លែផ្កា ទោះបីកម្ពុជាប្រឈមនឹងសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ជាលក្ខណៈទ្វេភាគី ឬពហុភាគី ដើម្បី ស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុ របស់បណ្តាញឧក្រិដ្ឋជន។
ជាកិច្ចឆ្លើយតប លោកឧបការីរង Scott Schelble បានថ្លែងកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង Online Scams ចេញជាលទ្ធផលជាក់ស្តែងជាច្រើនក្រោមយន្តការ គ.ប.ឆ.ប.។ លោកឧបការីរងបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលនិងស្មុគស្មាញ ដោយប្រទេសជាច្រើនជួបប្រទះបញ្ហានេះ ពោលមិនមែនកម្ពុជាតែមួយទេ។ លោកឧបការីរងបានសង្កត់ធ្ងន់ថា ចំណាត់ការនិងលទ្ធផលរបស់ គ.ប.ឆ.ប. បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។ លោកក៏បានគូសបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកនេះតម្រូវឱ្យមានដៃគូនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី។ ក្នុងន័យនេះ លោកឧបការីរងបានបង្ហាញនូវឆន្ទៈច្បាស់លាស់ ក្នុងការបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប. ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធជំហានបន្ទាប់ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង គ.ប.ឆ.ប. និងFBI រួមទាំងការកសាងសមត្ថភាព ក្នុងភាពជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕


-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ