ព័ត៌មាន
មេសិទ្ធិមនុស្សកម្ពុជាប្រាប់ចៅក្រមជាន់ខ្ពស់របស់អាម៉េរិក អំពីការបន្តប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិរបស់ថៃដើម្បីឈ្លានពានកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បាន ប្រាប់ចៅក្រមជាន់ខ្ពស់របស់អាមេរិកអំពីការបន្តប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិរបស់ថៃដើម្បីឈ្លានពានកម្ពុជា ខណៈកម្ពុជាតែងតែគោរព និងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់ គ.ស.ម.ក. នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
ក្នុងឱកាសនោះ បន្ទាប់ពីសម្ដែងនូវកិច្ចស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា៖«កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ»។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ដែលមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សីក៏ដោយ ក៏ភាគីថៃនៅតែបន្តសកម្មភាពញុះញង់ និងបង្កហេតុផ្សេងៗ រួមមាន ការប្រើប្រាស់សំឡេងមានប្រេកង់ខ្ពស់រំខានផ្លូវចិត្តដល់ជនស៊ីវិល ការកម្ទេចផ្ទះសម្បែង ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ ការសាងសង់សំណង់ថ្មីៗក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីលុបបំបាត់អត្តសញ្ញាណជាតិកម្ពុជានៅទីនោះ និងការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ដើម្បីរារាំង ជនភៀសសឹកកម្ពុជាជាងមួយសែននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព មិនមានបំណងបង្កសង្គ្រាមជាមួយប្រទេសណាមួយឡើយ ដោយសារកម្ពុជាបានឆ្លងកាត់បទពិសោធសង្គ្រាមជាច្រើនទសវត្សរ៍ និងយល់ដឹងច្បាស់អំពីផលវិបាកនៃសង្គ្រាមនិងតម្លៃនៃសន្ដិភាព។ ទោះជាយ៉ាងណា កម្ពុជាមានកាតព្វកិច្ចក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់អន្តរជាតិ អនុសញ្ញានិងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់។ កម្ពុជាបន្តអំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងការការពារជនស៊ីវិលជាចម្បង ហើយជឿជាក់ថា ដំណោះស្រាយយូរអង្វែង និងមានស្ថិរភាព អាចសម្រេចបានតែតាមរយៈការសន្ទនា ការយោគយល់ និងការអនុវត្តច្បាប់អន្តរជាតិដោយស្មោះត្រង់ ប៉ុន្តែមិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬសម្ពាធយោធាណាមួយឡើយ។
ជាការឆ្លើយតប លោក John C. Coughenour បានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងផ្អែកលើច្បាប់។ ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ទន្ទឹមនេះ លោកក៏បានបង្ហាញនូការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស័យសិទ្ធិមនុស្ស ជាពិសេស ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។
ជាកិច្ចបញ្ចប់ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត៕





-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា7 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព