ព័ត៌មាន
អ្នកធ្វើដំណើរតាមដងផ្លូវ គាំទ្រឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ
ក្រសួងមហាផ្ទៃបានប្រកាស ពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ ស្របគ្នានឹងការប្រកាសនេះដែរ អ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃចង់ឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវឡើងវិញ ព្រោះពួកគេមើលឃើញដែរថា អ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ នៅពេលមានការបន្ធូរបន្ថយមួយរយៈកន្លងមកនេះ។
ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ត្រូវបានប្រកាសអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦នេះតទៅ។ ទោះយ៉ាងណាក៏ដោយ នៅតាមគោលដៅចរាចរណ៍មួយចំនួន ពុំទាន់អនុវត្តការផាកពិន័យនោះទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ សម្រាប់គោលដៅចរាចរណ៍នៅចំណុចទីតាំងស្ពានដែក ចំការដូង ជាទីតាំងមមាញឹកមួយ រៀងរាល់ថ្ងៃ គឺសមត្ថកិច្ចបន្តសម្របសម្រួលចរាចរណ៍ ជាធម្មតា តែក៏ពុំទាន់អនុវត្តការផាកពិន័យនោះដែរ ។
សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ចំណុចនេះនៅថ្ងៃនេះផ្ទាល់ ក៏នៅបន្តមានអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាពដែរ ក្នុងនោះមានទាំងយុវជន មានទាំងសិស្ស មានទាំងមនុស្សវ័យចំណាស់។
សម្រាប់ពលរដ្ឋដែលបើកបរម៉ូតូ និងម៉ូតូកង់បី លើកឡើងថា ពួកគេចង់ឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ។ ពួកគេមើលឃើញផ្ទាល់ពីការធ្វេសប្រហែស របស់អ្នកបើកបរមួយចំនួនស្របពេលដែល មានការបន្ធូរបន្ថយ និងមិនមានការផាកពិន័យកន្លងមកនេះ។
ជាអ្នកបើកបរ ពួកគេចង់ឱ្យអ្នកបើកបរតាមដងផ្លូវគ្រប់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ដើម្បីសុខសុវត្ថិភាព។
ការប្រកាសពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ ស្របពេលដែលមានការរកឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ក្នុងពេលវេលាដែលមានការបន្ធូរបន្ថយកន្លងមកនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ១៦០ថ្ងៃ(គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេលនោះករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជាពិសេសរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% អ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% សញ្ញាចរាចរណ៍២% កត្តាយាន១% ងងុយ១% និងកត្តាផ្លូវ១% ៕ អត្ថបទ៖ គឹម ហុក







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣