ព័ត៌មាន
អនុប្រធានទី១រដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារអន្តរសភាអាស៊ាន (AIPA) សម្រាប់ឆ្នាំ២០២៦
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារប្រចាំឆ្នាំ២០២៦ របស់អន្តរសភា អាស៊ាន (AIPA)។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រដែល ទទួលបន្ទុកការងារអន្តរសភា អាស៊ាន អាយប៉ា និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរួមចូលរួម ផ្តោតលើរបៀបវារៈការងារសំខាន់ៗ ជាច្រើន រួមមាន ការរំលឹកអំពីសមាសភាពទទួលបន្ទុកតាមគណៈកម្មាធិការនានា របស់អាយប៉ានិងការពិភាក្សា លើការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំអន្តរជាតិនានាក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងអំពីប្រវត្តិនិងការវិវត្តរបស់អាយប៉ា ដោយរំលឹកថា សភានៃ រដ្ឋសមា ជិក អាស៊ានបានចាប់ផ្តើមបង្កើតវេទិកាសហប្រតិបត្តិការសភានេះតាំងពីឆ្នាំ១៩៧៥ ហើយបានវិវត្តទៅជាអង្គការអន្តរ សភា អាស៊ាន (AIPO) ក្នុងឆ្នាំ១៩៧៧។ ដោយឡែក សភាកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍ ពិសេស នាឆ្នាំ១៩៩៧ និងបានក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៩។ រហូតមកដល់ឆ្នាំ២០០៦ ទើបអង្គការ នេះត្រូវ បានប្តូរឈ្មោះជាផ្លូវការមកជា “អន្តរសភាអាស៊ាន” (AIPA) វិញ។

ក្នុងនាមជាសមាជិកសកម្ម សភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន ៣លើករួចមក ហើយ គឺក្នុងឆ្នាំ២០០៤ ឆ្នាំ២០១១ និងឆ្នាំ២០២២ ព្រមទាំងបានរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនទៀតដូចជា កិច្ច ប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀន (AIPACODD) និងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាដើម។
សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានអាយប៉ាបានគ្រោងកម្មវិធីចំនួន ៣២ ដែលក្នុងនោះរដ្ឋសភា កម្ពុជា បាន និងកំពុងត្រៀមលក្ខណៈមិនត្រឹមតែចូលរួមកិច្ចប្រជុំសំខាន់ៗរបស់អាយប៉ាប៉ុណ្ណោះទេ ប៉ុន្តែសភាកម្ពុជាក៏នឹងត្រៀមនូវទស្សនទានគន្លឹះសំខាន់ៗជាច្រើនដើម្បីជាធាតុចូលសំដៅដល់ការរីកចម្រើនរួមរបស់គ្រួសារអាយប៉ាផងដែរ។
តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះក៏បានផ្តោតលើការត្រៀមលក្ខណៈសម្រាប់វគ្គបណ្តុះបណ្តាលសភាស្តីពីការបង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងអំពើភេរវកម្ម ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល នាពេល ឆាប់ៗខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការជំនាញទាំង ៥ របស់អាយប៉ា រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តជំរុញ សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែង បំពេញការងារ និងការទទួល ខុសត្រូវ របស់ខ្លួន ឲ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុកឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត និងការចង់បាន របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងការបង្កើនសមត្ថភាព មន្ត្រីជំនាញ និងសមាជិកសភា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល និងការអភិវឌ្ឍតាមចក្ខុវិស័យ អាស៊ានឆ្នាំ២០៤៥ខាងមុខ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ក៏បានកោតសរសើរ និង វាយ តម្លៃខ្ពស់ ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំ នានារបស់អន្តរសភា អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន