ព័ត៌មាន
ជាង៣០ឆ្នាំមកនេះ ប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ទទួលបានឱកាសបន្តការសិក្សានៅប្រទេសអូស្ត្រាលី
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៤មក មានប្រជាជនកម្ពុជាប្រមាណជាង ២ម៉ឺននាក់រួចមកហើយ បានទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីនៅគ្រប់កម្រិតសិក្សា ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងជាអន្តរជាតិ។

នៅក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ឆ្នាំសិក្សា២០២៧ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ឱ្យដឹងថា អូស្ត្រាលីគឺជាដៃគូដ៏រឹងមាំមួយនៅក្នុងវិស័យអប់រំកម្ពុជា ដែលជួយស្រោចស្រង់ និងកសាងកម្ពុជាឡើងវិញក្រោយសង្គ្រាមស៊ីវិល។ ឈានមកដល់ទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ អូស្ត្រាលីបានផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស ដល់ប្រជាជនកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អ្នកសិក្សាស្រាវជ្រាវកម្ពុជាជាង១ ១០០នាក់ បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ Australia Awards ដើម្បីបន្តការសិក្សានៅតាមសកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើនរបស់អូស្ត្រាលី។ អាហារូបករណ៍នេះ គឺជាជំហានមួយសម្រាប់ជ័លាភីទាំងអស់ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍ ចាប់តាំងពីកម្រិតបុគ្គល ស្ថាប័ន និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ អតីតនិស្សិតដែលទទួលអាហារូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញ និងថ្នាក់ដឹកនាំ នៅតាមស្ថាប័ន រដ្ឋ និងឯកជន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមមានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ដេរិក យិប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា អាហារូបករណ៍អូស្ត្រាលី គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាព ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនដល់យុវជនជំនាន់ក្រោយដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំសាកលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តម បានបន្ថែមថា តាមរយៈការសិក្សា និងស្រាវជ្រាវ និស្សិតអាហារូបករណ៍អាចអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ និងជួយកសាងទំនាក់ទំនងឋិតថេរយូរអង្វែងរវាងប្រជាជនកម្ពុជា និងប្រជាជនអូស្ត្រាលី។

សូមជំរាបជូនថា ប្រទេសអូស្ត្រាលីបានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ស្ថិតក្រោមផែនការកូឡុំបូ។ កម្មវិធីនេះបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ១៩៩៤ ដោយមានឈ្មោះថា អាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី (ADS)។ អាហារូបករណ៍អូស្ត្រាលីប្រចាំនៅកម្ពុជា (AAC) បន្តកេរដំណែលនោះរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្តល់ឱកាសជូនប្រជាជនកម្ពុជាដើម្បីឱ្យពួកគេទទួលបានគុណវុឌ្ឍិសិក្សាកម្រិតអនុបណ្ឌិត (ទាំងតាមវគ្គសិក្សា ឬ ស្រាវជ្រាវ) ឬ កម្រិតបណ្ឌិតនៅគ្រឹះស្ថានឧត្តមសិក្សាអូស្ត្រាលី៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ