ព័ត៌មាន
ក្រុមអ្នកអភិរក្សថតបានប្រភេទសត្វកម្រ៤២ប្រភេទ នៅឧទ្យានជាតិវីរជ័យ ត្រូវបានកត់ត្រាតាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្ត
ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ឧទ្យានជាតិនេះស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។
តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ។ សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ។
ប្រភេទសត្វកម្រសំខាន់ៗជាច្រើនរួមមាន៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ឧទ្យានជាតិវីរជ័យ គឺជាតំបន់ដ៏មានសារ:សំខាន់សម្រាប់យើងទាំងអស់គ្នា ព្រោះវាជាជម្រករបស់ប្រភេទសត្វជាច្រើន។ ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹងដែលមានតម្លៃក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារព្រៃឈើ និងសត្វព្រៃទាំងនេះ ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ»។
លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានថ្លែងថា៖ «ឧទ្យានជាតិវីរជ័យជាទីជម្រកដ៏សំខាន់នៃជីវ:ចម្រុះជាច្រើនប្រភេទ ដែលជីវ:ចម្រុះនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី។ ទិន្នន័យពីម៉ាសុីនថតស្វ័យប្រវត្តនេះ អាចឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតមួយចំនួនដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរជ័យ ព្រមទាំងជួយឱ្យយើងយល់ដឹងបន្ថែមអំពីអាកប្បកិរិយារបស់ពួកវា ការស្វែងយល់ពីសណ្ឋានដី និង របៀបសម្របខ្លួនទៅនឹងការរស់នៅរបស់មនុស្សផងដែរ»។
គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ ។ សហគមន៍ដែលរស់នៅក្បែរតំបន់ការពារទាំងនេះ អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ ពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះហើយ ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជិវិតនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនេះ។
សកម្មភាពនេះត្រូវបានគាំទ្រដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (DEFRA) តាមរយៈមូលនិធិ គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF)៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣