Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីរការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះ​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងប្រកបដោយភាពអព្យាក្រឹត្យ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន​សម្តែង​ការអ​បអរសាទរ​ប្រទេស​ហ្វីលីពីន​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរ​បំពេញ​ទស្សនកិ​ច្ច​របស់​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ហ្វីលីពីន​នៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិ​ការ​ថែម​ទៀត​រវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​អគ្គ​មេប​ញ្ជាការកងទ័ពហ្វីលីពីន ដែលបានចាត់បញ្ជូន​នាយទាហាន​ហ្វីលីពីន​មក​ចូល​រួម​ក្នុង​ក្រុម​សង្កេត​ការណ៍បណ្ដោះអាសន្នអាស៊ាន(IOT) ក៏ដូចជាក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុង​ពេល​ប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ ជាពិសេសឆន្ទៈ​មុត​ស្រួច​របស់​នាយ​ឧត្តម​សេនីយ៍​ ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយជម្លោះនេះ ដែល​កំពុង​មាន​ភាព​ផុយស្រួយ។

ឯកឧត្តម បានជំរាបជូនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុង​ក្រោយ​ពេល​ឈប់​បាញ់​លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយ​ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ តាម​ច្បាប់​អន្តរជាតិ​។

ឯកឧត្តម បានស្នើដល់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បន្តជួយ​សម្រប​សម្រួល​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នាឡើងវិញ បន្ត​ពង្រឹង​តួនាទី​ក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃ​ទី២៧ ធ្នូ ឆ្នាំ២០២៥។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បាន​ថ្លែងអំ​ណរ​គុណ​ដល់​ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់បទ​បង្ហាញ​យ៉ាង​លម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យឯកឧត្តមបាន​យល់​កាន់​តែ​ច្បាស់​ពី​ស្ថាន​ភាព​ពិតជាច្រើន។

ឯកឧត្តម បានគូសបញ្ជាក់ថា អ្នកដឹកនាំ (AOT) គឺមានតួនាទីសំខាន់ និងទទួលខុសត្រូវខ្ពស់ ដែល​ចាំ​បាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បី​បង្ហាញ​ដល់​ភាគី​ទាំង​ពីរ​សុំ​ការ​យល់​ស្រប ហើយភាគីហ្វីលីពីន​នឹង​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នេះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​និងធានាឲ្យបាននូវភាពអព្យាក្រឹត។

តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី ១៣កុម្ភៈ ស្អែកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia