ព័ត៌មាន
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់ និងត្រៀមខ្លួនផ្តល់ការគាំទ្រផ្នែកច្បាប់ លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ
អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ ហើយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណី ដែលបានកើតឡើងនេះពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ គេចាំបាច់ត្រូវពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីមួយនេះផងដែរ។
សូមបញ្ជាក់ថា លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថាក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ការពិនិត្យសំណើ ក្រសួងនឹងពិនិត្យមើលលើលក្ខខណ្ឌ ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាន និងកំពុងបន្តធ្វើយ៉ាងសកម្ម សស្រាក់សស្រាំ ដែលកិច្ចខិតខំទាំងនេះបានការទទួលស្គាល់ពីបណ្តាប្រទេស និងដៃគូអន្តរជាតិ, ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដោយមានមូលដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីករណីសហការរវាងសារព័ត៌មាននិងសមត្ថកិច្ច ថានាពេលកន្លងទៅ បន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច។
សម្រាប់ករណីនៅបន្ទាយមានជ័យ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវថា៖ «ខ្ញុំសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថាអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។
ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការប្រតិបត្តិក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួនផងដែរ ដោយបានមានប្រសាសន៍ថា៖ «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន ក្រៅពីការផ្សាយ សូមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បីអាចរួមចំណែកជាបច្ច័យដល់ការត្រៀមលក្ខណៈ និងរៀបចំឱ្យស្របតាមបទដ្ឋានការងារ និងការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញ ឧទាហរណ៍ ទាក់ទងនឹងការចុះបង្រ្កាបជាដើម ដើម្បីអាចជួយឱ្យការចុះបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល»។
កម្ពុជាជាប្រទេសរងគ្រោះ ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាមានលក្ខណៈអន្តរជាតិ ហើយជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានទម្រង់ដ៏ស្មុគ្រស្មាញបំផុត។ ការធ្វើតុល្យភាពរវាងវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវរាយការណ៍ការពិត ស្របតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ និងតម្រូវការនៃការធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការច្បាប់របស់សមត្ថកិច្ចជំនាញ គឺជាសិល្បៈនៃការធ្វើការងាររួមគ្នា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ៕

-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន7 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន6 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន