ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិនបង្កឱ្យកម្ពុជាខ្វះខាតស្បៀងនោះទេ
គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិនបង្កឱ្យកម្ពុជាខ្វះខាតស្បៀងនោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃក៏កម្ពុជាអាចនាំចូលពីប្រទេសដទៃអាចផ្គត់ផ្គង់ទីផ្សារកម្ពុជាបានជាធម្មតា។ នេះបើតាមការបញ្ជាក់របស់មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការបិទព្រំដែនផ្លូវគោកជាមួយប្រទេសថៃ គឺមិនបានបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាទេ ជាការពិតទំនិញដែលនាំចូលពីប្រទេសថៃមកកាន់កម្ពុជា បន្តមានការធ្លាក់ចុះខ្លាំង។
ទាក់ទងនឹងការលើកឡើងរបស់មហាជន ជុំវិញការបន្តមាននាំចូលផលិតផលថៃមកទីផ្សារប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម បានឱ្យដឹងថា ភាគច្រើននៃទំនិញទាំងនោះ គឺជាទំនិញប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿងចក្រកសិកម្ម ដូចជាត្រាក់ទ័រ និងម៉ាស៊ីនច្រូតជាដើម។ ព្រមទាំងទំនិញមួយចំនួនទៀតដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយចំនួនទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្មរបស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ទំនិញដែលនាំចូលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺមានការថយចុះប្រមាណ ៦០ ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើ បានធ្លាក់ចុះដល់សូន្យភាគរយដោយសារចលនាពហិការ បានធ្វើឱ្យទំនិញដែលនាំចូលមកហើយ លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការប្រមូលចំណូលពន្ធរបស់កម្ពុជា សម្រេចបានលើសផែនការគ្រោងទុក ដែលគិតជាទឹកប្រាក់ចំនួនសរុប ១២,៧៦១ ប៊ីលានរៀល (១២ ៧៦០ ៥០៥លានរៀល) ស្មើនឹងប្រមាណ ៣,១៨១លានដុល្លារ មានការកើនឡើងចំនួន ២១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ សម្រេចបានចំនួន ១០,៥៤២ ប៊ីលានរៀល (១០ ២៤៨ ៥៦៩លានរៀល) ស្មើនឹងប្រមាណ ២,៥៩០លានដុល្លារ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣