ព័ត៌មាន
ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា
ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីបញ្ចាំងភាពយន្តឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពង្រឹងការទូត សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៅកម្ពុជា។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ បានធ្វើឡើងក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។
ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា បានលើកឡើងឱ្យដឹងថា ការចាក់បញ្ចាំងភាពយន្តនេះ មានគោលបំណងលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ីតាមរយៈភាពយន្ត។ ឯកឧត្តម បានកត់សម្គាល់ពីប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៃភាពយន្តឥណ្ឌូនេស៊ីនៅកម្ពុជា ដោយដកស្រង់ទិន្នន័យពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា ដែលបង្ហាញថានៅឆ្នាំ២០២៥ ភាពយន្តឥណ្ឌូនេស៊ី ត្រូវបានចាត់ថ្នាក់ជាភាពយន្តបរទេសដែលមានការចាក់បញ្ចាំងច្រើនជាងគេលំដាប់ទី៣នៅក្នុងរោងភាពយន្តកម្ពុជា បន្ទាប់ពីភាពយន្តហូលីវូដ និងផលិតកម្មក្នុងស្រុក។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីរីករាយដែលឃើញវត្តមានភាពយន្តឥណ្ឌូណេស៊ី ទទួលបានគាំទ្រពីសំណាក់ទស្សនិកជនជននៅកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។ លោកជំទាវសង្ឃឹមនិងជឿជាក់ថា តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌នេះ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅបញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី ព្រមទាំងបង្កើតឱកាសនៃកិច្ចសហការ និងជំរុញការផលិតភាពយន្តរួមគ្នារវាងផលិតករភាពយន្តកម្ពុជា និងឥណ្ឌូណេស៊ីនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣