ព័ត៌មាន
ក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ និងអ្នកស្វែងរកការងារក្នុងខេត្តកំពង់ធំ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៣០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេស។
ក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាស ផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន ២ ០០០នាក់, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌីចំនួន ៥០០នាក់, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន ៣០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន ២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី ៤៥នាក់។
ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈក្រុមហ៊ុន ជេស៊ីអេចអ ឌីវេឡុបម៉ិន ឯ.កនៅក្នុងវេទិកានេះផងដែរ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកប្រទេសកំណើតវិញ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការប្រៀបធៀបយ៉ាងលម្អិត ពីការងារនៅប្រទេសថៃ និងការងារក្នុងស្រុកនាពេលបច្ចុប្បន្ន។ ការងារនៅប្រទេសថៃមានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែនៅតែត្រូវប្រឈមមុខនឹងការរើសអើង ហានិភ័យសុវត្ថិភាព ការខ្វះខាតការគាំពារផ្នែកសុខភាព និងការរស់នៅឆ្ងាយពីគ្រួសារ។
ឯកឧត្តមបានគូសបញ្ជាក់ថា ចំណែកឯការងារក្នុងស្រុក មិនត្រឹមតែរក្សាបានទាំងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈប័ណ្ណ ប.ស.ស. ដែលមានសមាជិកជាង ៣,៥លាននាក់។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ (១) ផ្នែកថែទាំសុខភាព (២) ផ្នែកហានិភ័យការងារ និង(៣) ផ្នែកសោធននិវត្តន៍។ ហេតុនេះ ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយចំណាយលើសុខភាព និងធានាសន្តិសុខចំណូលដល់បងប្អូនជាសមាជិក។
នាឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈមួយយ៉ាងតិចដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣