ព័ត៌មាន
ក្រសួងការងារនាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ
នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ឱកាសការងារក្នុងស្រុកដល់អតីតពលករត្រឡប់មកពីប្រទេសថៃ អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ក្នុងវេទិកាការងារនៅស្រុកឆ្លូងនោះ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើសរើសការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាននៅជិតក្រុមគ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរជាងការងារនៅក្រៅប្រទេសដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋដែលជាសមាជិក ប.ស.ស. នឹងទទួលបានការគាំពារនិងតាវកាលិកពី ប.ស.ស.។ ម្យ៉ាងទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់ធានាប្រាក់ចំណូលដូចមន្ត្រីរាជការដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ម៉ុល វិបុល បានបន្ថែមថា បើគិតពីស្រុកស្នូលនេះទៅ សាលាបណ្ដុះបណ្ដាលជំនាញ TVET ដែលនៅជិតបំផុត ហើយចំណុះក្រោមក្រសួង គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតនៅទីរួមខេត្តក្រចេះ (លេខទូរសព្ទទំនាក់ទំនង៖ ០៩៧ ៧៥២ ៣៣៤៦)។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយ លេខទូរស័ព្ទ Hotline ១២៩៧ ផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ។

សូមបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង៥ ដែលប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនាវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសផងដែរ គឺក្រុមហ៊ុន មង្គល អេចអ (ជ្រើសរើសទៅប្រទេសជប៉ុន)៕





-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ