ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមរវាងកងទ័ពប្រទេសទាំងពីរ
ភ្នំពេញ៖ គិតមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាមានរយៈពេល ៧០ឆ្នាំមកហើយ។ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពូនជ្រុំជាលំដាប់ រហូតឈានដល់ការលើកកម្ពស់កិច្ចទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ដោយឡែកលើវិស័យកងទ័ព ឆ្នាំ២០២៦នេះ អគ្គមេបញ្ជាការនៃកងទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។
ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន ការផ្លាស់ប្ដូរព័ត៌មានប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា និងការផ្លាស់ប្ដូរអាហារូបករណ៍ជាដើម។
លើសពីនេះថ្នាក់ដឹកនាំកងទ័ពទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ រួមមាន: ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃពិធីសារប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើង, កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការលើការងារសង្គ្រោះគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមប្រវែងជាង ៥៥០គីឡូម៉ែត្រ ដែលមកដល់បច្ចុប្បន្ននេះបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦ភាគរយហើយ។ ក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែននៅសេសសល់ ដើម្បីទុកជាកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣