ព័ត៌មាន
ព្រះខ័នរាជ បើកលក់ ៤ពាន់សំបុត្រដំបូង នៃពាន AFC Challenge League ទល់ក្រុមភ្នំពេញក្រោន
បន្ទាប់ពីភ្នំពេញក្រោន បានប្រកាសលក់សំបុត្រទស្សនាការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ ជិត ១ខែកន្លងទៅ ពេលនេះ គូប្រជែងរបស់ខ្លួន គឺក្លិបព្រះខ័នរាជស្វាយរៀង ក៏ដាក់លក់សំបុត្រទស្សនាជំនួបជើងទី២ ផងដែរ ដោយជំហានដំបូង ក្រុមជើងឯករងឆ្នាំចាស់នេះ បានបើកលក់ចំនួន ៤ពាន់សំបុត្រ។
យោងតាមការជូនដំណឹងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា សម្រាប់សំបុត្រទស្សនាការប្រកួតជើងទី២ រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ។ ចំពោះសំបុត្រ អ្នកគាំទ្រអាចរកទិញបាន តាមរយៈ Online នៅលើ App របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលមានឈ្មោះថា PKR Svay Rieng។
ដោយឡែកជំនួបជើងទី១ រវាងក្រុមតំណាងកម្ពុជាទាំងពីរ ដែលក្រុមសិង្ហក្រម ធ្វើម្ចាស់ផ្ទះ និងប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក)ជាទឹកដី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ភ្នំពេញក្រោន បានបែងចែកសំបុត្រជា ២ប្រភេទ សម្រាប់តំបន់គ្មានដំបូល តម្លៃពេញ ១៤,០០០រៀល តែទិញឥលូវក្លិបបញ្ចុះតម្លៃសល់ត្រឹម ១២,០០០រៀល និងសំបុត្រ VIP តំបន់មានដំបូង តម្លៃពេញ ២០,០០០រៀល តែទិញពេលនេះក្លិបបញ្ចុះតម្លៃសល់ ១៦,០០០រៀល។
មុនជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះបឋម ដោយយកឈ្នះក្រុម Kasuka របស់ប្រ៊ុយណេ ក្នុងលទ្ធផល ៦-០ ដើម្បីឡើងវគ្គចែកពូល ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងពូលE និងក្រុម Dewa United របស់ឥណ្ឌូនេស៊ី ឈរលេខ១។ រីឯព្រះខ័នរាជស្វាយរៀង ដែលមានកៅអីវគ្គចែកពូលក្នុងដី បានបញ្ចប់ការប្រកួត ដោយឈរកំពូលតារាង និងក្រុម Manila Digger របស់ហ្វីលីពីន ឈរលេខ២។
ជាមួយលទ្ធផលការប្រកួតជម្រុះប្រចាំតំបន់អាស៊ីខាងកើតនេះ ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងពីរ ត្រូវប្រកួតខ្វែងពូល ដែលនាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។ ដូច្នេះសម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុម Dewa United និងក្រុម Manila Digger ដែលប្រៀបបានការប្រកួតផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត ដើម្បីរកក្រុមខ្លាំង ១ក្រុម ឡើងទៅជួបក្រុមឈ្នះ ១ក្រុមទៀត មកពីតំបន់អាស៊ីខាងលិច ដើម្បីកាត់សេចក្ដីរកជើងឯកពានរង្វាន់ AFC Challenge League 2025/26។
សូមរំឮកថា កាលពីរដូវកាលមុន កម្ពុជាមាន ១កៅអីប៉ុណ្ណោះ សម្រាប់ពានកម្រិតទី៣ ទ្វីបអាស៊ីនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចូលរួមក្នុងនាមជើងឯកលីគកំពូលកម្ពុជា ដែលបានយកឈ្នះក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបើកទ្វារផ្ទះទទួលក្រុម Arkadag FK របស់តួកមេនីស្ថាន តែសោកស្ដាយ ក្រុមតំណាងកម្ពុជានេះ បានត្រឹមជើងឯករង ក្រោយចាញ់ក្រុមភ្ញៀវទាំងប្រផិតប្រផើយ ១-២ បន្ទាប់ពីចំណាយពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣