ព័ត៌មាន
ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។
គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។
គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។
នាឱកាសនោះ ឯកឧត្ដម អ៊ូអិណុ បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុន ដែលជួយស្តារកិត្តិយស ជីវភាពរស់នៅ និងការទទួលបានការងារសមរម្យសម្រាប់អតីតពលករ លោកស្រី ស៊ាវយៀន ឈាន បានលើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណដល់ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕






-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ