ព័ត៌មាន
សភាកម្ពុជា ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនក្នុងឆ្នាំ២០២៦នេះ ដើម្បីពង្រឹងឥទ្ធិពល «ការទូតសភា» លើឆាកតំបន់ និងសកលលោក
ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការងារបច្ចេកទេសនិងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្មជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីពិនិត្យលើប្រតិទិនការងារ និងខ្លឹមសារនយោបាយសំខាន់ៗ។
យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ “ទស្សនទានគន្លឹះ” ដើម្បីធ្វើវិភាគទានដល់ការសម្រេចបាន នូវសុខដុមនីយកម្ម និងការរីកចម្រើនក្នុងគ្រួសារអាស៊ាន ដោយផ្ដោតលើការទាញយកផល ប្រយោជន៍ជាអតិបរមាពីយន្តការការទូតសភា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបំពេញតួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពីអាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។
ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។
ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។
ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននិងកំពុងបង្ហាញនូវសមត្ថភាពដឹកនាំដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ អន្តរជាតិ និងការចែករំលែកឧត្តមានុវត្តន៍ កម្ពុជាបានបញ្ជាក់ ពីចេតនាពិតប្រាកដក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាយប៉ា (AIPA) តាំងពីឆ្នាំ១៩៩៩ និងធ្លាប់បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួន ៣លើករួចមកហើយ។ សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦នេះ សភាកម្ពុជាបានត្រៀមលក្ខណៈក្នុងកម្មវិធីសរុបចំនួន ៣២ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ៕







-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ