Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសាកលគឺកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល គឺ​បាន​កើត​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ពោលគឺកម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបាន​នាំ​មក​នូវសន្តិភាពពេញលេញ និងការផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​ ៣​ទសវត្សរ៍​ចុង​ក្រោយ និងបន្តថែរក្សាសន្ដិភាពនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​បច្ចុប្បន្ន​។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃ ក្រុម​ប្រឹក្សា​សន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅឯវិទ្យា​ស្ថាន​សន្តិភាព​សហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៦​។

ឯកឧត្តម​បន្តថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​អាណត្តិ​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព ​ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ មេដឹកនាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ក៏​រំពឹង​ថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព ​និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូច​ជា​ក្នុង​ពិភពលោក។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានគូសបញ្ជាក់ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់​ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាពសកលពីព្រោះកម្ពុជាមានសុឆន្ទៈ និងតែងតែប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្រឡាញ់​សន្តិភាព ហើយតែងតែគាំទ្រនិងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព​ជា​រៀង​រហូត​មក​ ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រ​អង្គការ​សហ​ប្រជាជា​តិ​ទៅ​បំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលមានសង្រ្គាម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា គុណត​ម្លៃ​សន្តិ​ភាព​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​កើត​ឡើងពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង​រប​ស់​ថ្នាក់​ដឹក​នាំ​នៃយើ​ង​ពោល​គឺ​កម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយ​បាន​នាំមកនូវសន្តិភាពពេញលេញ​និង​ការផ្សះផ្សា​រប​ង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​៣ទសវត្សរ៍​ចុង​ក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរ​ផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្ត​ឈរ​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សន្តិភាពនិងចាត់ទុកសន្តិភាពជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។

អ្នក​នាំ​ពាក្យបន្តថា លើសពីនេះកម្ពុជាតែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ក៏​ដូច​ជា​ក្នុងសាកលលោក ពោលគឺ ទីណាមានសកម្មភាពសន្តិភាព ទីនោះតែងតែមានការគាំទ្រ និង​កា​រ​ចូលរួមចំណែកពីកម្ពុជាដោយមិនចេះនឿយហត់។ នេះ​គឺជាហេតុផល​ដែល​ធ្វើ​ឱ្យពិភព​លោក​នឹក​ឃើញក​ម្ពុជាភ្លាមនៅពេលនិយាយពីសន្តិភាព។ ការអញ្ជើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋ​មន្ត្រី​កម្ពុជា​ឱ្យ​ចូល​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ពី​សំណាក់​ឯក​ឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងការសម្រេចចូល​រួម​របស់​កម្ពុជា​តាម​ការ​អញ្ជើញ​នេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់​ពីការទទួល​ស្គាល់​គុណ​តម្លៃ​សន្តិភាព​របស់​កម្ពុជា​និង​សុឆន្ទៈ​មិន​ចេះរី​ងស្ងួតរបស់កម្ពុជាក្នុងបុព្វហតុសន្តិភាពសាកល។

បើតាមឯកឧត្តម ប៉ែន បូណា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព​ពេលនេះនឹងធ្វើឱ្យគុណតម្លៃសន្តិភាព​របស់​កម្ពុជា​ត្រូវ​បានព​ង្រឹង និងពង្រីកថែមទៀតនៅលើឆាកអន្តរជាតិ។ ពិភពលោកនឹង​សម្លឹង​មើល​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅថា​ ជាប្រទេសដែលមានឆន្ទៈស្រឡាញ់និងការពារសន្តិភាពយ៉ាងពិតប្រាកដ។ បន្ថែម​ពី​លើ​នេះ កម្ពុជាក៏ជាប្រទេសដែលការពារច្បាប់​អន្តរជាតិ​យ៉ាងសកម្មតាម​រយៈ​ការ​បើក​ចំហ​យ៉ាង​ទូលំ​ទូលាយក្នុងដំណោះស្រាយបញ្ហាព្រំដែនដោយគោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់នូវអនុសញ្ញា សន្ធិ​សញ្ញា គោលការណ៍ និងច្បាប់អន្តរជាតិ។

ឯកឧត្តមបន្តថា ជាក់ស្តែង លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បី​សុំឱ្យបារាំងពិចារណាផ្តល់ការប្រឹក្សាយោបល់ និងសម្រប​សម្រួល​ដល់​ការ​ប្រគល់​និង​ទទួល​ឯក​សារ​ប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃ សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​គោរព ​និងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងការចង់បាន​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​របស់​កម្ពុជា​។

អ្នកនាំពា​ក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់​សន្តិភាព​និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជា​ប្រកាន់​ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ចព្រមព្រៀង និងឯកសារពា​ក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជាមិន​ទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែន​ណាមួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia