ព័ត៌មាន
គ្រូបណ្ដុះបណ្ដាល៖ រៀនជំនាញវិជ្ជាបច្ចេកទេស បានផ្ដល់ផលប្រយោជន៍ច្រើនធានាបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ
ខណៈតម្រូវការទីផ្សារការងារនាពេលអនាគត នឹងត្រូវការកាន់តែច្រើនដោយសារមានភាពបត់បែន។ គ្រូបណ្តុះបណ្តាលជំនាញក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញនូវផលប្រយោជន៍មួយចំនួនពីរៀនជំនាញ ដើម្បីប្រែក្លាយយុវជនពីអ្នកប្រើកម្លាំងបាយ មកជាអ្នកជំនាញប្រើប្រាស់ចំណេះដឹង និងបច្ចេកទេស ដែលធានាបាននូវការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
លោក លឹម ប៊ុនថុង គ្រូបណ្តុះបណ្តាលជំនាញផ្នែកបរិក្ខាត្រជាក់ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) គឺជាស្ពានចម្លងដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងនៃការរស់នៅ និងការបំពេញការងារ។ លោកបានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ឥតគិតថ្លៃ ១លាន ៥សែននាក់ គឺផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតដល់យុវជន ជាពិសេសសម្រាប់យុវជនដែលមានជីវភាពក្រីក្រ គឺអាចរៀនជំនាញដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ ដែលមានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូលសមរម្យបន្ទាប់ពីសិក្សាចប់។ លោកបន្ថែមថា ជាក់ស្តែង ជំនាញបរិក្ខាត្រជាក់នេះ អ្នកដែលមានជំនាញច្បាស់លាស់ ពិតប្រាកដ អាចរកប្រាក់ចំណូលខ្ទង់ ៣០០ ទៅ៤០០ដុល្លារ ឬលើសពីនេះ នៅក្នុងមួយខែ។
គ្រូបណ្តុះបណ្តាលជំនាញដដែលនេះ បានរៀបរាប់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបាន ពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយជ្រោមជ្រែងសិស្សទាំងឡាយណា ដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារ តាមក្រុមហ៊ុនឯកជនជាច្រើនទៀត។
យុវជនមកពីក្រុមគ្រួសារក្រីក្រ មានឈ្មោះ ដុំ ពុទ្ធារ៉ា មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសិក្សាជំនាញផ្នែកបរិក្ខាត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះរាជរដ្ឋាភិបាលដែលបង្កើតកម្មវិធីល្អៗនេះឡើង ដែលក្រៅពីការរៀនអត់អស់លុយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសរៀនត្រឹមរយៈពេលខ្លី ប៉ុន្តែអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។
ជាមួយនេះ ក្រុមយុវជនដែលកំពុងរៀនជំនាញ ធីវ៉េត បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ ជាពិសេសទៅកាន់អតីតពលករ និងជនភៀស អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។
កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M គិតចាប់ពីការដាក់ឱ្យដំណើរការផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមដើមឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះពីសិក្ខាកាមដើម្បីរៀនជំនាញ មានចំនួនជាង ១៥ម៉ឺននាក់។ កម្មវិធី TVET 1,5M នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង