ព័ត៌មាន
ប្រសាសន៍សម្ដេចធិបតីប្រាប់ព័ត៌មានអន្តរជាតិអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា សំឡេងត្រូវបានឮខ្ទរខ្ទារពេញពិភពលោក
តាមរយៈកិច្ចសម្ភាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាដល់សារព័ត៌មានអន្តរជាតិរ៉យទ័រ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនទៀតនៅលើពិភពលោកផ្សព្វផ្សាយបន្តយ៉ាងផុលផុសរហូតមលដល់ពេលនេះ, ប្រសាសន៍សម្ដេចធិបតី បានធ្វើឱ្យសំឡេងរបស់កម្ពុជា ឮខ្ទរខ្ទារពេញពិភពលោកហើយធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតលើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិកគឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ ក្រៅពីនោះ សម្តេចក៏មានគំរោងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ បន្ទាប់មក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដូចជានៅទីក្រុងហ្សឺណែវ និងព្រុចសែល ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមបានបន្តថា នៅសហរដ្ឋអាម៉េរិកមុនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់កិច្ចសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្តីពីស្ថានការណ៍ព្រំដែនកម្ពុជាថៃ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន កងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយចូលជ្រៅហួសពីខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលថៃទាមទារទៅទៀត បើទោះមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការដាក់ទូរកុងតឺន័រ និងបន្លាលួសរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជាដែលបានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណជាជិត៨ម៉ឺននាក់មិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ហើយស្ថានភាពនៅតាមព្រំដែននៅមានភាពផុយស្រួយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលសម្តេចលើកឡើងមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែង ហើយដែលកម្ពុជាមិនអាចទទួលយកការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនបែបនេះបានឡើយ ។
សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញជាធម្មតា។ សម្តេចធិបតីសង្ឃឹមថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយ លោកប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដ៏មានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជាថៃផងដែរ។
តាមរយៈកិច្ចសម្ភាសន៍នេះ សំឡេងរបស់កម្ពុជាបានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតលើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ជំហរសន្តិភាពនិយម និងគោរពច្បាប់អន្តរជាតិ តាមរយៈការស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីបានបង្ហាញពីនយោបាយការទូតបែបចាស់ទុំ ទន់ភ្លន់ និងត្រឹមត្រូវ ស្របតាមគោលបំណងរបស់សហគមន៍អន្តរជាតិដែលចង់បាន ជាពិសេសស្របនឹងស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព( Board of Peace) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នាពេលនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ក្នុងជំនួបពិភាក្សាផ្សេងទៀត ជាមួយឥស្សរជនអាម៉េរិក និងមេដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានានៅក្នុងដំណើរបេសកកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិនាពេលនេះ ក៏ជាការបង្ហាញអំពីនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការទាក់ទាញទេសចរ និងការវិនិយោគជាដើម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកជូនជនរួមជាតិឡើងវិញនូវ ប្រសាសន៍របស់សម្តេចបវរធិបតីថា ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ប្រាកដណាស់ថា ប្រធានបទដ៏សំខាន់មួយនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងបេសកកម្មការទូតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅលើឆាកអន្តរជាតិនាពេលនេះ ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រកបដោយយុត្តិធម៌តាមរយៈការប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលជាជំហរឥតប្រែប្រួលរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន6 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា7 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន7 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន5 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ