ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជាអំណោយរបស់សម្តេចធិបតីផ្ដល់ជូនពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែក្រាលគ្រួសក្រហម ជិត៧ពាន់ម៉ែត្រ និងស្ពានបេតុង នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋនៅមូលដ្ឋាន ខណៈផ្លូវនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរស់នៅចំណុចឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន័យ។

ក្នុងនោះដែរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការបើកការដ្ឋានការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខមួយ ចំនួន ១កន្លែង និង លូមូលមុខមួយ ចំនួន ៧កន្លែង ស្ថិតនៅភូមិពពេល ភូមិថ្កូវ ភូមិអូរជីក និងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាដឹកកសិផលមកទីរួមស្រុកប្រកបដោយភាពងាយស្រួល។

ឯកឧត្តមឈឹម សៅគី មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទបានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមបានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដែលមានគោលដៅចម្បងចំនួន៥គឺ៖ ១. ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២. ប្រជាជនមានសុខភាពមាំមួន, ទី៣. ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤. គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងទី៥. គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ។

ឯកឧត្តមបានបន្ថែមថា ក្រៅពីនោះក្រសួងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ យុទ្ធសាស្រ្តទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, យុទ្ធសាស្ត្រទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, យុទ្ធសាស្ត្រទី៣. ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, យុទ្ធសាស្ត្រទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និងយុទ្ធសាស្ត្រទី៥. ការពង្រឹងស្ថាប័ន ។
ឯកឧត្តមរដ្ឋលេខាធិកា បានគូសបញ្ជាក់ថា សម្រាប់ផ្លូវដែលបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់ ។
ពលរដ្ឋរស់នៅអមសងខាងផ្លូវបាន បានបង្ហាញក្តីរីករាយ ដែលរាជរដ្ឋាភិបាលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់នឹងព្រំដែនកម្ពុជា-ថៃ ហើយខិតខំអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសផ្លូវមួយខ្សែនេះ គឺពិតជាបានចូលរួមក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់។ ជាមួយនោះ ឯកឧត្តម ឈឹម សៅគី បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារស្ថាបនាផ្លូវ និងស្ពាន ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយ ក្នុងអំឡុងពេលសាងសង់នេះ៕ ឃិន សារិទ្ធ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣