ព័ត៌មាន
អ្នកនាំពាក្យ៖កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ៖ ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត។ នេះបើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងដំណើរបំពេញបេសកកម្មការទូតទៅកាន់សហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប ដែលជាផ្នែកមួយនៃការទូតសកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ សម្តេចបវរធិបតីក្រៅពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The board of Peace) ក៏បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកនិងថ្នាក់ដឹកនាំប្រទេសមួយចំនួនផ្សេងទៀត។ នៅទ្វីបអឺរ៉ុប ជាពិសេសនៅទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនផងដែរ។
ក្រៅពីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឆ្លៀតផ្តល់បទសម្ភាសន៍ជូនទីភ្នាក់ងារ សារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗមួយចំនួនផងដែរ។ ក្នុងកិច្ចសម្ភាសន៍ទាំងនោះ សំណួរដំបូងរបស់អ្នកសារព័ត៌មានអន្តរជាតិសុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ខ្លឹមសារសំខាន់ៗដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាក់បណ្តាញសារព័ត៌មានអន្តរជាតិមានដូចតទៅ៖
កងកម្លាំងប្រដាប់អាវុធថៃនៅតែន្តកាន់កាប់ទឹកដីកម្ពុជា ហើយទីតាំងជាច្រើនបានចូលជ្រៅមកក្នុងទឹកដីកម្ពុជាហួសពីខ្សែព្រំដែនឯកតោភាគីដែលថៃទាមទារទៅទៀត។ កងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រដើម្បីរារាំងផ្លូវមិនឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចូលទៅកាន់លំនៅដ្ឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបានឡើយ។ បច្ចុប្បន្ន មានជនភៀសសឹកកម្ពុជាប្រមាណជិត៨ម៉ឺននាក់ទៀតមិនអាចវិលចូលផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារតែភាគីថៃបិទផ្លូវ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិទាំងនោះថា ការលើកឡើងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែងតែម្តង។
ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា៖«ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ជាដំណោះស្រាយ កម្ពុជាជានិច្ចកាលចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចានិងការចុះវាស់វែងដើម្បីផ្ទៀងផ្ទាត់ ដោយប្រើយន្តការបច្ចេកទេសដែលបានឯកភាពគ្នា និងផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ពីព្រោះសង្គ្រាមមិនអាចដោះស្រាយបញ្ចប់បញ្ហាបានទេ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែន(JBC)ចុះវាស់វែងព្រំដែនឱ្យបានឆាប់បំផុតទៅតាមអ្វីដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ភាគីថៃបានលើកហេតុផលនៃការបោះឆ្នោត តែឥឡូវនេះ ការបោះឆ្នោតបានធ្វើរួចរាល់ហើយ ដូច្នេះ ការងារនេះគួរតែអាចចាប់ផ្តើមធ្វើបាន យ៉ាងហោចណាស់ក្នុងកម្រិតក្រុមការងារចម្រុះបច្ចេកទេសចុះវាស់វែង ដើម្បីបន្ធូរបន្ថយភាពតឹនតឹង និងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដូចធម្មតា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ ហើយដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់សារព័ត៌មានអន្តរជាតិគឺសុទ្ធសឹងជាការពិតជាក់ស្តែងទាំងអស់ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងអង្គការអន្តរជាតិក៏ដូចជាសារព័ត៌មានបរទេសជាច្រើនបានចុះទៅពិនិត្យ ផ្ទៀងផ្តាត់និងរាយការណ៍ដល់ទីកន្លែងផ្ទាល់ជាបន្តបន្ទាប់។ ក្រៅពីនោះ អ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងជនជាតិខ្មែរនិងបរទេស អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន សុទ្ធសឹងជាសាក្សីផ្ទាល់ភ្នែកចំពោះសកម្មភាពរបស់កងទាហានថៃនៅតាមព្រំដែន។ ដូច្នេះ គ្មាននរណាអាចបដិសេធឬបំភ្លៃរឿងពិតទាំងនេះបានឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីថា ពាក្យថា «ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអះអាងចំពោះមុខប្រជាជាតិ មិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែ គឺជាឆន្ទៈពិតប្រាកដ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ដែលបានស្តែងឡើងតាមរយៈនយោបាយការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំយើងដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តមបន្តថា ក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើរជាច្រើនលើកទៅកាន់ភាគីថៃដើម្បីចាត់ក្រុមការងារបច្ចេកទេសចុះវាស់វែងព្រំដែនឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

-
ព័ត៌មាន5 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន2 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា