Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ បេសកកម្មការទូត​របស់​សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ច​ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ​

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ជាថ្មីថា បេសកកម្មការទូត​របស់​សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច​ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ​។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​គណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅ​កាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដី​សហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់​មួយ​របស់សម្តេច​នាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) កាលពីថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថាន​សន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់​សារសំខាន់ដល់សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

វត្តមានរបស់សម្តេច​មហាបវរធិបតី​ក្នុងកិច្ចប្រជុំនេះពិតជាមានសារសំខាន់សម្រាប់កម្ពុជា​នៅត្រង់ថា ក្រៅពីអត្ថន័យសន្តិភាពដែលឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិភាពក៏ជាឱកាស​ដែលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ រម្លឹក​ឡើងវិញពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។

ឯកឧត្តម ប៉ែន បូណា បន្ត នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិ​ពិតជាមិនបំភ្លេច ហើយបាននិងកំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់​លើ​ជម្លោះព្រំដែនរវាងប្រទេសទាំងពីរជាពិសេសការចូលកាន់កាប់ទឹកដី​កម្ពុជានៅទីតាំងមួយចំនួនដោយបំពានច្បាប់អន្តរជាតិ ពីសំណាក់កងកម្លាំង​ប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ​ គឺជាបញ្ហាក្តៅគគុកមួយ​ដែលពិភពលោកកំពុងផ្តោត​ការចាប់អារម្មណ៍យ៉ាងខ្លាំង។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace) ក៏ជាឱកាសដែលប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសជាច្រើន ក៏ដូចជាភាគីពាក់ព័ន្ធ លើកឡើងអំពីសារសំខាន់នៃការបញ្ចប់ជម្លោះ​ប្រដាប់អាវុធ ការសង្គ្រោះជីវិតមនុស្ស និងការកសាងឡើង​​វិញពីភាព​ខ្ទេចខ្ទាំដោយសារសង្គ្រាម ក៏ដូចជាការផ្សព្វផ្សាយ​អំពីគុណតម្លៃនៃ​សន្តិភាព​។​ ក្នុងន័យនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ក្រុមប្រឹក្សា​សន្តិភាពនេះ​គឺជាយន្តការថ្មីមួយទៀត​​បន្ថែមពីលើ​យន្តការ​អន្តរជាតិ​ដែលមានស្រាប់​ក្នុងការ​​​ជួយបន្ធូរភាពតានតឹងនិងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ដែលមានជម្លោះឬសង្គ្រាម រួមទាំងជម្លោះព្រំដែន​កម្ពុជាថៃផងដែរ។

នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាត​ឱ្យឥស្សរជនអាម៉េរិក និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសមួយចំនួនទៀត ជួបសម្តែងការគួរសម​ និងពិភាក្សា​ការងារ ក្នុងនោះរួមមានជាអាទិ៍​ អនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីសង្គ្រាម និងអនុទីប្រឹក្សា​សន្តិសុខជាតិនៃសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ត្រីការបរទេសតួកគី និង នាយកប្រតិបត្តិនៃក្រុមប្រឹក្សា​អាត្លង់ទិច ជាដើម​។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា​បាន​បង្ហោះសារ​មួយ​ដែល​មានន័យថា«សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន!សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព»។ សារនេះសបញ្ជាក់ពីផ្លែផ្កា​នៃការទូត​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាឆ្លុះបញ្ចាំងពីតួនាទីរបស់កម្ពុជា​ក្នុងការចូលរួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាសន្តិភាពសាកល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់​ថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក៏​បាន​តាមដានបេសកកម្មការទូត​របស់សម្តេចធិបតី​ដោយយកចិត្តទុកដាក់ និងបានផ្តល់ការគាំទ្រពេញទំហឹង​ចំពោះការសម្រេចចិត្តរបស់​សម្តេចប្រមុខរាជរដ្ឋាភិបាល​ នៅក្នុងដំណើរបំពេញបេសកកម្មការងារការទូតលើឆាកអន្តរជាតិ​នាពេលនេះជាពិសេស​ពាក់ព័ន្ធនឹង​ការ​ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលរងការបំពាន​ពីកងកម្លាំងប្រដាប់អាវុធថៃ ដោយបង្ហាញជំហរច្បាស់លាស់របស់កម្ពុជា​ប្រាប់សហគមន៍អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា គុណតម្លៃសន្តិភាពនិងការគោរពច្បាប់​អន្តរជាតិ គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន។ ដោយ​ឈរលើគោលការណ៍នេះ កម្ពុជា​បន្តអនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវ​បទឈប់បាញ់និងគ្រប់ចំណុចទាំងអស់​នៃសេចក្តីប្រកាស​​រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្សេងទៀតដែលមានស្រាប់​។កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ព្រមទាំងអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ក៏ដូចជាកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia