ព័ត៌មាន
ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
ភ្នំពេញ៖ ក្នុងចំណោមកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនរាប់សិបកន្លែង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងចូលរួមពង្រីកនូវធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្កើតមូលធនមនុស្ស ឲ្យបានកាន់តែច្រើនចូលរួមអភិវឌ្ឍន៍ជាតិ ។
ជាក់ស្ដែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានរៀបចំប្រឡងជ្រើសរើសសមណនិស្សិត និងនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦ ។
ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ការប្រឡងនេះ មានបេក្ខជនបានចុះឈ្មោះមានចំនួនសរុប ៦៤៣អង្គ/នាក់ (ក្នុងនោះបព្វជិត ៨៨អង្គ) ដោយបែងចែកជា ១៤បន្ទប់ លើឯកទេស៧ រួមមាន៖ រដ្ឋបាលសាធារណៈ, នីតិឯកជន, គ្រប់គ្រងទូទៅ, វិទ្យសាស្ត្រអប់រំ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។
សាស្ត្រាចារ្យ ភៀន មករា ប្រធានដេប៉ាតេម៉ងទស្សនវិទ្យាសាសនា នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា បានឲ្យដឹងថា ការសិក្សានេះ គឺសមណនិស្សិត និងនិស្សិតទទួលបានអាហារូបករណ៍ចំនួន២ឆ្នាំ ដែលការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ដោយជួយកាត់បន្ថយលើការធ្វើដំណើរ និងការចំណាយមួយចំនួនទៀត ខណៈនិស្សិតចុះឈ្មោះប្រឡងខ្លះបម្រើការងារនៅតាមបណ្ដាខេត្ត ។
ក្នុងឱកាសបើកវិញ្ញាសារប្រឡង ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ប្រៀបបាននឹងត្រីវិស័យ និងផែនទ បង្ហាញផ្លូវដ៏ស័ក្ដិសិទ្ធិសម្រាប់នាវាកម្ពុជា ហើយក្នុងមុំចម្បងនៃយុទ្ធសាស្ត្រនេះ ការផ្តោតសំខាន់លើ “ការអភិវឌ្ឍមូលធនមនុស្ស” គឺជាចំណុចអាទិភាពខ្ពស់បំផុត ។
ឯកឧត្តម បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក “មនុស្ស” ជាស្នូលនៃអភិវឌ្ឍន៍ ។ ការពង្រឹងគុណភាពអប់រំទាំងផ្នែក “ពុទ្ធិចក្រ” និង “អាណាចក្រ” គឺជាសសរស្តម្ភដ៏រឹងមាំ និងជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការជំរុញកម្ពុជា ឱ្យសម្រេចបាចក្ខុវិស័យដ៏មហិច្ឆតា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ឯកឧត្តម ងួន ស្តេចភក្តី បានញ្ជាក់ថា បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលសមណនិស្សិត និស្សិត ថ្នាក បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ជំនាន់បន្តទៀត សរុប ១ ៣១៩អង្គ/នាក់ ហើយកន្លងមក បានបណ្តុះបណ្តាលសមណនិស្សិត និស្សិត ឱ្យបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ១៧ជំនាន់ សរុប ១,៨៤១ អង្គ/នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣