ព័ត៌មាន
រដ្ឋសភាកម្ពុជា-បារាំង បន្តពង្រឹងចំណងមិត្តភាពឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងឆ្នាំ២០២៦
វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាបារាំង ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសលទ្ធផលនៃជំនួបវាងគណៈប្រតិភូជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ ជំនួបនេះឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ខណៈកម្ពុជាត្រៀមលក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងការទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ទាំងនេះនឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ”។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ពីគោលនយោបាយ “រក្សាមិត្តចាស់ ពង្រីកមិត្តថ្មី” ដោយមិនយកប្រទេសណាជាសត្រូវ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ក្រុមមិត្តភាពសភានឹងដើរតួជា “ស្ពាន” តភ្ជាប់កិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូល។
ដោយសារប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់នាពេលកន្លងមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាព និងជំហរដោះស្រាយជម្លោះតាមរយៈផ្លូវច្បាប់អន្តរជាតិ ពិសេសជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាស្នើសុំការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសបារាំង។ កម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាព “ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងមូល មិនចង់ឃើញពលរដ្ឋខ្លួន ឬជាតិសាសន៍ដទៃជួបទុក្ខលំបាកដោយសារសង្គ្រាមទៀតនោះឡើយ។”
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះតួនាទីបារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN ដែលតែងតែគាំទ្រពហុភាគីនិយម និងច្បាប់អន្តរជាតិ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបារាំងដែលយល់ព្រមផ្តល់ឯកសារ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនអន្តរជាតិ (សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧) ដើម្បីជួយកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធី។
រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះការបង្កើត “ជើងហោះហើរត្រង់កម្ពុជា-បារាំង” ក្នុងពេលឆាប់ៗ ដើម្បីជំរុញទេសចរណ៍ និងវិនិយោគ។
ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ចាប់ពីប្រធានសភា គណៈកម្មការជំនាញ រហូតដល់មន្ត្រីលេខាធិការដ្ឋាន ដើម្បីដោះដូរបទពិសោធន៍។ ជាមួយគ្នានេះក៏ស្នើសុំឱ្យបារាំងបន្តបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងវគ្គបណ្តុះបណ្តាលភាសាបារាំងរយៈពេលខ្លីដល់មន្ត្រីរដ្ឋសភាផងដែរ។

ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសភាកម្ពុជាចំពោះការស្វាគមន៍ដ៏កក់ក្ដៅ និងថា ចំណងទាក់ទងរវាងប្រទេសទាំងពីរបារាំងកម្ពុជាមានតាំងពីយូរណាស់មកហើយ ពិសេសលើផ្នែកវប្បធម៌។
ឯកឧត្តម បានបន្តថា បារាំង ត្រៀមខ្លួនជួយកម្ពុជាលើវិស័យផ្សេងៗទៀត ក្នុងនោះមានដូចជា វិស័យអប់រំ ដោយបារាំងត្រៀមជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំង ដល់កម្ពុជា។ ចំណែកកិច្ចសហការវិស័យសេដ្ឋកិច្ច គឺបារាំងអាចរួមចំណែកជួយផ្ដល់ការចែករំលែកបទពិសោធន៍ និងភស្តុភារកម្ម ជាមួយនឹងក្ដីសង្ឃឹមថា បារាំងនឹងអាចពង្រីកធុរកិច្ចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសកម្ពុជា។
បារាំងបានចាត់ទុកឆ្នាំ២០២៦ ជាចំណុចរបត់ប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី បារាំង កម្ពុជា គឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ បារាំងនឹងផ្តល់ជំនួយបច្ចេកទេសពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ។ ជាមួយគ្នានេះ ប្រធានាធិបតិបារាំង គឺឯកឧត្តម អេម៉ានុអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណចក្រកម្ពុជាផងដែរនាអំឡុងពេលនោះ ដែលនឹងធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់កម្ពុជា ឯកឧត្តម តូម៉ាស ឡាំ បានសង្កត់ធ្ងន់ថា បារាំងផ្តល់តម្លៃខ្ពស់លើដំណោះស្រាយតាមផ្លូវការទូត និងសន្តិវិធី។ បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ ឯកសារផែនទី និងជំនួយបច្ចេកទេស ចាំបាច់នានា ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ភាគីបារាំងក៏បានបង្ហាញឆន្ទៈក្នុងការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សភាកម្ពុជា តាមរយៈការគាំទ្រ ក្នុងការជួយជ្រោមជ្រែងរដ្ឋសភាកម្ពុជាឱ្យក្លាយជា “សភាឌីជីថល” ដោយអគ្គលេខាធិការដ្ឋានសភាបារាំងនឹងផ្តល់ជំនួយបច្ចេកទេស និងបទពិសោធន៍ដែលខ្លួនមានលើវិស័យនេះ៕



-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ