ព័ត៌មាន
សិស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហេង សួរ ដើម្បីលើកទឹកចិត្តដល់ការសិក្សា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សោម ចំណាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ គឺជាស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់គ្រួសារសិស្សានុសិស្សដែលកំពុងជួបការលំបាក ក៏ដូចជាកូនចៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ែន វិបុល ក៏បានបញ្ជ្រាបនូវសារអប់រំផ្លូវចិត្តតាមបែបសាសនា ក្នុងគោលបំណងបណ្តុះស្មារតីឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពដឹងគុណ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋគំរូក្នុងសង្គម។
តាមរបាយការណ៍របស់លោកនាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សិស្សានុសិស្សដែលទទួលបានការឧបត្ថម្ភទាំង ៣២០នាក់នោះ រួមមាន កូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន ៦៦នាក់, សិស្សភៀសសឹក ២២នាក់, កូនកំព្រាទាំងឪពុកម្តាយ ១៨នាក់, កូនកំព្រាឪពុក ៤៨នាក់, កូនកំព្រាម្តាយ ៣០នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន ១៣៦នាក់ផ្សេងទៀត៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣