ព័ត៌មាន
រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការរួមគ្នាលើការងារពាក់ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាមបរិបទនៃកិច្ចសហប្រតិបត្តិការសភា និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខនេះ។

ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការនិងលេចចេញជារូបរាងផ្លែផ្កានៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពានតភ្ជាប់ជាអ្នកសម្របសម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យមានការជឿទុកចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ក្នុងស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាធំ រដ្ឋសភាបានបង្ហាញពីឆន្ទៈក្នុងការគាំទ្ររាល់ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយទាំងឡាយណាដែលបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ភាគីបារាំងតាមរយៈ ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំ CDC បានបង្ហាញសញ្ញាវិជ្ជមាន និងអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាតំណាងស្ថាប័ននីតិប្បញ្ញត្តិបារាំង ឯកឧត្តមបានប្តេជ្ញាចិត្ត បន្តទាក់ទាញធុរកិច្ចបារាំងលើវិស័យកសិឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះភាគីបារាំងក៏បាន សន្យាជំរុញឱ្យក្រុមហ៊ុនបារាំងចូលរួមយ៉ាងសកម្មក្នុង “វេទិកាវិនិយោគ និងធុរកិច្ច” ដែលនឹងត្រូវរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយសម្រាប់វិនិយោគ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចនូវចំណុចខ្លាំងផ្នែកបច្ចេកទេស និងការលើកទឹកចិត្តរបស់កម្ពុជាចំពោះវិនិយោគិនបរទេសទាំងអស់ ដោយ កម្ពុជាបានដាក់ចេញនូវយន្តការវិនិយោគដែលមានការបត់បែន និងឆ្លាតវៃ ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែង , ចំពោះយន្តការសន្ទនា EU-Cambodia, CDC បានរំលឹកពីប្រសិទ្ធភាពនៃយន្តការសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ដើម្បីធានាថារាល់កង្វល់របស់វិនិយោគិនបារាំងត្រូវបានដោះស្រាយ ជាមួយគ្នានេះ CDC ក៏បានស្នើឱ្យក្រុមមិត្តភាពសភាទាំងពីរជួយជំរុញទំនាក់ទំនងរវាង “ធុរជន និងធុរជន” (B2B) ឱ្យកាន់តែស្អិតល្មួត។

សូមរំលឹកឡើងវិញថា ជំនួបរវាងក្រុមមិត្តភាពសភាបារាំងកម្ពុជានិងថ្នាក់ដឹកនាំ cdc ដែលមានការសម្របសម្រួលពីរដ្ឋសភាកម្ពុជា នៅពេលនេះ បានសបញ្ជាក់ឱ្យឃើញពីសង្គតិភាពរវាង ស្ថាប័ននីតិប្បញ្ញត្តិ (សភាទាំងពីរ) ដែលជាអ្នកសាងសង់ស្ពានមិត្តភាព និង ស្ថាប័ននីតិប្រតិបត្តិ (CDC) ដែលជាអ្នករៀបចំគ្រឹះបច្ចេកទេស។ កិច្ចសហការត្រីភាគីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-បារាំង ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ខាងមុខនេះ៕


-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង