ព័ត៌មាន
ការចាប់ផ្តើមធ្វើតេស្តជំនាញជូនដល់អតីតពលករ នឹងចាប់ផ្តើមជាផ្លូវការនាខែមេសាខាងមុខ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខែមេសាខាងមុខនេះ នឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ឬហៅថា ការធ្វើតេស្តជំនាញ ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលចាប់ផ្តើមពីវិស័យសំណង់មុនគេ បន្ទាប់មកវិស័យកាត់ដេរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើតេស្តសមត្ថភាពជំនាញនេះ នឹងធ្វើឡើងនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែមេសាខាងមុខ។ ការមកធ្វើតេស្តនៅទីនេះ អាចនឹងប្រែក្លាយពីចំណេះធ្វើឱ្យទៅជាសញ្ញាបត្រ ប្រែក្លាយពីសញ្ញាឃើញ ឱ្យទៅជាសញ្ញាបត្រ។
ស្រង់ប្រសាសន៍ដើមរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ការដែលមានសញ្ញាបត្របញ្ជាក់ពីជំនាញនេះ គឺសំខាន់ សំខាន់ត្រង់ថា បើយើងទៅធ្វើការ ពីកន្លែងមួយទៅកន្លែងមួយ គេនឹងសួរថាយើងចេះអ្វី? យើងនឹងប្រាប់គេថា ចេះនេះ ចេះនោះ ប៉ុន្តែយើងពិបាកមិនមានលិខិតដើម្បីបញ្ជាក់ទៅគេវិញ ឱ្យគេដឹងថាយើងចេះធ្វើអីពិតប្រាកដ ដូចនេះប្រាក់ឈ្នួលក៏គេមិនហ៊ានសម្រេចថា គួរឱ្យយើងបានប៉ុន្មានដូចគ្នា។ ប៉ុន្តែបើយើងមានសញ្ញាបត្រមួយនៅនិងដៃ ទោះបីជាយើងចេះធ្វើស្ទាត់ក៏ដោយ ប៉ុន្តែក្រៅពីការចេះធ្វើស្ទាត់យើងមានសញ្ញាបត្រមួយទៀតដែលកើតចេញពីការធ្វើតេស្តវាយតម្លៃសមត្ថភាពធ្វើជំនាញនេះកាន់តែល្អថែមទៀតក្នុងការបង្ហាញជូនគេ ហើយឱកាសចូលធ្វើការនឹងមានច្រើនជាងមុន ហើយក៏នឹងអាចមានប្រាក់ឈ្នួលច្រើនជាងមុនដូចគ្នា”។

ពាក់ព័ន្ធគម្រោងការធ្វើតេស្តជំនាញនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីវិស័យសំណង់ ក្រសួងនឹងផ្តោតទៅលើវិស័យកាត់ដេរ ព្រោះមែនទែនទៅវិស័យនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ ៣០ឆ្នាំ ទន្ទឹមនេះក៏មានបងប្អូនជាច្រើននាក់ផងដែរ បានធ្វើការងារក្នុងវិស័យនេះក៏យូរឆ្នាំដែរ អញ្ចឹងក៏គួរដល់ពេលវេលារៀបចំឱ្យមានការធ្វើតេស្តវាយតម្លៃ ថាតើសមត្ថភាពដេររបស់កម្មករនិយោជិតក្នុងវិស័យនេះ ក្នុងកម្រិតណា។
ទាក់ទិនការលើកឡើងខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអតីតពលករមកពីថៃ ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីជាស្ពានក្នុងការបង្ហាញពីគុណវុឌ្ឍិរបស់ខ្លួន ឬជាការបង្ហាញពីសមត្ថភាពរបស់ខ្លួន ក៏ដូចជាដើម្បីទាមទារសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការងារដើម្បីទទួលបានប្រាក់បៀរវត្សរ៍កាន់តែខ្ពស់ ក៏ដូចជាដើម្បីទទួលបានតំណែងល្អជាដើម។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចេញសេចក្តីជូនដំណឹងអំពីការធ្វើតេស្តជំនាញផ្លូវការនៅដើមខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ព័ត៌មានលម្អិតជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីថៃផ្នែកសំណង់ មកធ្វើការដាក់ពាក្យដើម្បីប្រឡង៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣