ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា៖ «សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា»
សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី) ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈកម្មការទី៤ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះ សរុបចំនួន៣៧៥នាក់ នៅសាលមហោស្របខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ព្រមទាំងសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងសូមចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាទាំងអស់ រួមទាំងប្រជាពលរដ្ឋរស់នៅតាមតំបន់ជម្លោះ ដែលកំពុងជួបប្រទះនូវការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។
ឯកឧត្តមបណ្ឌិត បានជម្រាបអំពីតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និង គណៈកម្មការទី៤ព្រឹទ្ធសភា ដែលជាយន្តការមួយរបស់ព្រឹទ្ធសភា ក្នុងការពារសិទ្ធិ ផលប្រយោជន៍ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងភូមិភាគរបស់ខ្លួន។ ផ្តើមចេញពីតួនាទីដ៏មានសារសំខាន់នេះ ក្រុមសមាជិកព្រឹទ្ធសភា តែងតែចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូមពរ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមអាទិភាពចម្បងរបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលផ្តោតលើ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឆ្លងតាមការធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចនិងសង្គមកិច្ចរបស់ព្រឹទ្ធសភា, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការចូលរួមមតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អំពីបញ្ហាប្រឈម និងសំណូមពរ, ការស្រាយបំភ្លឺពីឯកឧត្តមអភិបាលខេត្ត និងការចែករំលែកបទពិសោធន៍ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា រួចមក ឯកឧត្តមបណ្ឌិត នាង ផាត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែល សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹទ្ធសភាតែងតែផ្តល់តម្លៃខ្ពស់រាល់មតិយោបល់ និងធាតុចូលរបស់បងប្អូន និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងទាំងឡាយណាដែលបង្កើន គុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈថ្នាក់ក្រោមជាតិ។ រាល់មតិយោបល់និងធាតុចូលដែលទទួលបាននាថ្ងៃនេះ នឹងត្រូវចងក្រងយ៉ាងហ្មត់ចត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងស្ថាប័ន មានសមត្ថកិច្ចពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីសភាពការណ៍ជាតិ អន្តរជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងរំឭកអំពីសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានទាមទារមកវិញនូវទឹកដីដែលប្រទេសថៃបានទន្ទ្រានយក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះវីរភាពដឹកនាំប្រកបដោយមនសិកាស្នេហាជាតិ និងវាងវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍របស់ប្រទេសជាតិ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើគោលការណ៍សន្តិភាពនិយម ការពារផលប្រយោជន៍របស់ជាតិ ក៏ដូចជាការរក្សាឱ្យបានជាដាច់ខាតចំពោះសន្តិភាពដែលយើងរកបានដោយលំបាក ថែមទាំងខិតខំប្រឹងប្រែងតស៊ូក្នុងការដោះស្រាយជម្លោះតាមរយៈការទូត។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់អង្គពិធីថា «សន្តិភាព មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលដែលកើតចេញពីការលះបង់ ភាពវៃឆ្លាត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់ឥស្សរជនដឹកនាំខ្មែរ ក្នុងការរក្សាការពារបូរណភាពទឹកដី និងស្ថិរភាពនយោបាយជាតិ»។
ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តរក្សា និងជំរុញស្មារតីសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ក្នុងការការពារសន្តិភាពដែលបានមកដោយលំបាកនេះ តាមរយៈពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តាមិនអាចខ្វះបានក្នុងកិច្ចការពារ ឯករាជ្យភាព អធិតេយ្យជាតិ បូរណភាពទឹកដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង