ព័ត៌មាន
កម្ពុជាជាប្រទេសដំបូងដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពបរិវត្តកម្មឌីជីថលប្រព័ន្ធគាំពារសង្គម
ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដែលមានប្រទេសជាសមាជិកចំនួនប្រមាណ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ លោក ស្តេហ្វាន មេសសេរ័រ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ពានរង្វាន់នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេ ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេសលេចធ្លោគំរូមួយសម្រាប់ការកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ថ្នាលឌីជីថល DSPP បាន និងកំពុងបំពេញតួនាទីជាមូលដ្ឋានឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ ជាពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមថា «ការទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល” លើឧត្តមភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសេវាសាធារណៈ ជាពិសេសក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស, ការគាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ»។
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាដែលអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាកន្លងទៅក៏បានឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ គឹមហុក





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣