ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ទៅអាយឆាអំពីការវាយប្រហារជាលើកទីពីររបស់យោធាថៃមកលើកម្ពុជា
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) កាលពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបដល់អង្គប្រជុំអំពីការវាយប្រហារជាលើកទីពីររបស់យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបានធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ទៀតភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ ឧបសគ្គដែលរារាំងដល់ ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្តេជ្ញាចិត្តដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ស៊្រាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើសារយ៉ាងច្បាស់ និងម៉ឺងម៉ាត់បំផុតថា “កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ”។ ជាក់ស្តែង ប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាច្រើនករណី ក្នុងនោះមានជនល្មើសចម្រុះជាតិសាសន៍ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ជាធរមាន រួមទាំងមានការបណ្តេញជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ចេញពីប្រទេស។ ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការយ៉ាងល្អជាមួយបណ្តាប្រទេស និងអង្គការនានាទាំងក្នុងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជាក៏កំពុងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើសនេះទាំងស្រុងចេញពីប្រទេស៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង