ព័ត៌មាន
ក្រសួងការងារនាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលនៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីអតីពលករ និងយុវជនជាង៨០០នាក់។

នៅក្នុងកម្មវិធីវេទិកាការងារ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់ និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង ក្រសួងបាននាំយកឱកាសការងារប្រមាណ ៤ពាន់កន្លែង សម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជាផ្នែកមួយនៃឱកាសការងារក្នុងស្រុកជាង ៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះក៏ជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូនអាចជ្រើសរើសយកការងារនៅស្រុកក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់អ្នកដែលមិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែលក្រសួងការងារនឹងបញ្ជូនគ្រូបណ្តុះបណ្តាល និងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខនឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ។

ឯកឧត្តម ហេង សួរ ក៏បានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស សម្រាប់អតីតពលករដែលមានបទពិសោធស្រាប់ ក៏អាចចូលរួមធ្វើតេស្តសមត្ថភាពក្នុងកម្មវិធីការវាយតម្លៃការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញចំនួន៨មុខក្នុងវិស័យសំណង់ នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣