ព័ត៌មាន
សម្តេចប្រមុខរដ្ឋស្ដីទីប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថា ហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះទេ ខណៈសម្តេចតេជោបានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះកុំឱ្យមានការព្រួមបារម្ភ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ក្នុងជំនួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាថ្មីរបស់លោកស្រីអគ្គលេខាធិការមកកាន់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។
លោកជំទាវស្រីអគ្គលេខាធិការ បានសម្តែងការអរគុណជាអនេកចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ដោយបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូបានជួបសម្តែងការគួរសម។ លោកជំទាវ អគ្គលេខាធិការ បានគូសរំលេចពីចំណាប់អារម្មណ៍របស់លោកជំទាវ ពេលអញ្ជើញដល់ប្រទេសកម្ពុជា ដោយបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកជំទាវបានកោតសរសើរចំពោះការសាងសង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាមួយនេះ មានភាពស្រស់ស្អាតហើយអាកាសយានដ្ឋាននេះរង់ចាំទទួលគណៈប្រតិភូថ្នាក់ដឹកនាំនៃបណ្តាប្រទេសអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោកជំទាវអគ្គលេខាធិការ បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកជំទាវ អគ្គលេខាធិការ បានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោតាំងពីអតីតកាល ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសមានសន្តិភាពរហូតដល់បច្ចុប្បន្ន។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងការពេញចិត្តនូវអ្វីដែលលោកស្រីអគ្គលេខាធិការបានលើកឡើង។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍គណៈប្រតិភូនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោបានគូសរំលេចថា បើទោះបីពេលបច្ចុប្បន្នពិភពលោកស្ថិតនៅក្នុងស្ថានភាពដ៏ស្មុគស្មាញយ៉ាងណាក្តី តែសម្តេចរំពឹងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជានឹងទទួលបានជោគជ័យ ដើម្បីទុកជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផង និងសម្រាប់អង្គការហ្វ្រង់កូហ្វូនីទាំងមូល ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។ សម្តេចតេជោបានបង្ហាញក្តីសង្ឃឹមថា លោកជំទាវអគ្គលេខាធិការនឹងគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

នៅក្នុងឱកាសនៃជំនួបនេះលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានសម្តែងនូវការប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លោកជំទាវបានបញ្ជាក់ថា ដំណើររបស់លោកស្រី និងគណៈប្រតិភូ អញ្ជើញមកកម្ពុជានាពេលនេះដើម្បីចូលរួមពិភាក្សាជាមួយកម្ពុជាលើការងាររៀបចំកិច្ចប្រជុំកំពូលនេះ។
សម្រាប់ក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានទទួលស្គាល់នូវភាពស្មុគស្មាញរបស់ពិភពលោក ដែលតម្រូវឱ្យបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួមរបស់ប្រតិភូនៃបណ្តាប្រទេសនានានោះកិច្ចប្រជុំត្រូវបានកែសម្រួលមកធ្វើនៅរាជធានីភ្នំពេញវិញ៕




-
ព័ត៌មាន4 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS5 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា6 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន1 week agoសម្ដេចធិបតី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា