ព័ត៌មាន
កម្ពុជា និងអង្គការ OECD ពិភាក្សាគ្នាជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដែលស្របតាមអាទិភាពគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជាពិសេស ការជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយលើកកម្ពស់ការប្រកួតប្រជែង ការពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគកម្ពុជា ក៏ដូចជាអនុលោមភាពការងារ ដែលជួយលើកកម្ពស់និរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាឱ្យស្របតាមគោលការណ៍ OECD និងស្តង់ដារការងារជាមូលដ្ឋានផ្សេងៗទៀត ខណៈកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា៖ ការលើកកម្ពស់លក្ខខណ្ឌ និងសុវត្ថិភាពការងារ អនុលោមច្បាប់ការងារ ការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យជាលំដាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសវិស័យវាយនភណ្ឌ កំណើនវិនិយោគ និងការនាំចេញ និងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម។ ទោះយ៉ាងណា តម្លៃអគ្គិសនីគឺជាការប្រឈមមួយរបស់កម្ពុជា ហើយដើម្បីអនុវត្តតាមតម្រូវការអនុលោមភាព និងតម្រូវការរបស់ម៉ាកអន្តរជាតិ កម្ពុជាក៏ពិចារណាប្រើថាមពលបៃតងតាមរយៈថាមពលព្រះអាទិត្យ និងជីវម៉ាសជាដើម។
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការ OECD បានពិភាក្សាការងារទ្វេភាគីក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិកាអង្គការ OECD នាពេលថ្មីៗនេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជា និង OECD បានរួមគ្នាផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអង្គការ OECD ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ និងឆ្នាំ២០២២។ ដោយយោងតាមក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគ (PFI) របស់ OECD នៅឆ្នាំ២០១៨, OECD បានជួយពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានពិនិត្យពីរបៀបដែលការកែលម្អបរិយាកាសវិនិយោគទូទៅ អាចរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការពិនិត្យឡើងវិញនេះ ក៏បានពិចារណាបញ្ហាប្រឈម និងឱកាសពីទស្សនៈបរិយាកាសវិនិយោគ ស្របតាមក្របខណ្ឌគោលនយោបាយសម្រាប់ការវិនិយោគ។
ជាការឆ្លើយតប លោកស្រី Kate បានអរគុណ និងសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាក្រសួង ដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះលោកស្រី ដែលអាចធ្វើជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស ដោយលោកស្រីគូសបញ្ជាក់ថា យើងអាចចាប់យកឱកាសដែលមាន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ OECD នឹងគាំទ្របេសកកម្មរបស់ក្រសួង ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង។
ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ដែលបានផ្លាស់ប្តូរទស្សនៈលើវិស័យការងារ និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង និង OECD នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលនឹងរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕









-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ