ព័ត៌មាន
ក្រសួងការងារ៖តាមរយៈការចុះត្រួតពិនិត្យលើកទី២ ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យលើកទី២របស់ក្រុមជំនាញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានពិនិត្យឃើញថា ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ “តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការមិនមែនជាមូលហេតុដែលបណ្ដាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ”។
បើតាមលោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២ ខែមីនានេះ បងប្អូនកម្មករនិយោជិតបានចូលធ្វើការជាធម្មតា ក្នុងនោះក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់ មានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតា ខណៈកម្មករ ២រូបផ្សេងទៀត បានស្នើសុំច្បាប់ឈប់សម្រាក។ ដោយឡែក ក្រុមគ្រួសារសព ក៏បានទទួលអត្ថប្រយោជន៍ប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលស្របតាមច្បាប់ ខណៈក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) របស់ក្រសួងការងារ នៅថ្ងៃទី២ខែមីនា ឆ្នាំ២០២៦នេះ កំពុងរៀបចំអង្កេតឧត្តរជីវី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនគ្រួសារស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
លោកបន្ថែមថា៖«តាមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារជំនាញបានមកពិនិត្យភ្លាមៗម្តងហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយយើងមកពិនិត្យថ្ងៃនេះម្តងទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា ពីបញ្ហាដែលបានកើតឡើង។ ពេលនេះ បងប្អូនកម្មករនិយោជិត បានចូលធ្វើការជាធម្មតា ហើយក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់នោះ គឺមានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតាវិញ។ តែយ៉ាងណា យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ដើម្បីចៀសវាងមានហេតុការណ៍ណាមួយកើតឡើងថែមទៀត»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានកម្មការិនីម្នាក់ឈ្មោះ យឹម រីន អាយុ៣៤ឆ្នាំ បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅម៉ោង ៧ព្រឹក បន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យតក់ស្លុត ភិតភ័យរហូត ងងឹងមុខ និងបានដួលសន្លប់នៅកន្លែងធ្វើការ និងបានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ភ្លាមនោះៗ ក៏មានកម្មការិនី ២០នាក់ផ្សេងទៀតដែលជាមិត្តរួមការងារ ក៏បានសន្លប់បន្តបន្ទាប់គ្នា ក្រោយពីទទួលដំណឹងថា កម្មការិនី យឹម រីន បានទទួលមរណភាព។
ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រោយមានហេតុការណ៍នៃការដួលសន្លប់នៅក្នុងរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃក្រសួងការងារ បានទៅចុះត្រួតពិនិត្យភ្លាមៗម្តងរួចមកហើយ ដើម្បីពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ក្នុងការធានាពីសុវត្ថិភាពជូនកម្មករនិយោជិត៕





-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ