ព័ត៌មាន
ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធវិស័យការងារ។
នៅក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបនេះមានគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរ ទី១. ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់កម្មករនិយោជិត និងទី២. ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលកំពុងពង្រីកវិសាលភាពគ្របដណ្ដប់កាន់តែទូលំទូលាយ។ ឯកឧត្តម បានសង្កត់ធ្ងន់ពីភាពចាំបាច់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា ថវិកាទាំងនេះមិនមែនត្រឹមតែជាភាគទាននោះទេ តែវាជាប្រាក់សន្សំដ៏មានតម្លៃរបស់កម្មករនិយោជិត ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងហ្មត់ចត់បំផុត ដើម្បីធានាថាប្រាក់សន្សំទាំងនេះនឹងកើនឡើងជាផ្លែផ្កា សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍។
ជាការឆ្លើយតប លោក អេនរីកូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដោយលោកបានអះអាងថា តាមរយៈបណ្តាញអ្នកជំនាញគោលនយោបាយសកលរបស់ខ្លួន, UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការរចនាឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ដែលអាចតភ្ជាប់ធនធានជាតិទៅនឹងជម្រើសវិនិយោគប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត។
បើតាមក្រសួងការងារ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើផែនការយុទ្ធសាស្ត្រទាំងនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល ដោយផ្តោតលើការងារស្នូលចំនួនពីរ រួមមាន៖ ទី១) ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់មូលនិធិឱ្យកាន់តែមានតម្លាភាព និង២) ការសិក្សាយ៉ាងល្អិតល្អន់ពីជម្រើសនៃការវិនិយោគប្រកបដោយសុវត្ថិភាព តាមរយៈការរៀនសូត្រពីបទពិសោធជោគជ័យរបស់បណ្តាប្រទេសនានា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ទស្សនទានយ៉ាងច្បាស់ថា នៅក្នុងការវិនិយោគតាមគោលការណ៍ ESG និងសុវត្ថិភាព និងសុខភាពការងារ (OSH) របស់កម្មករនិយោជិត ត្រូវតែចាត់ទុកជាស្នូលកណ្តាល ព្រោះការការពារសុខុមាលភាពមនុស្សនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះពិតប្រាកដដែលនាំទៅរកការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣