ព័ត៌មាន
កម្ពុជាលើកកម្ពស់ការយល់ដឹង ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀងសម្រួលវិនិយោគក្រោមក្របខ័ណ្ឌ WTO
កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់វិស័យជាក់លាក់នីមួយៗ ដើម្បីត្រៀមអនុវត្ត កិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងសិក្ខាសាលា សិក្សាពីតម្រូវការចាំបាច់ ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ឯកឧត្តមបានគូសរំលេចអំពីសាវតារ នៃដំណើរការចរចាកិច្ចព្រមព្រៀង ដែលត្រូវបានបញ្ចប់ការពិនិត្យផ្នែក ច្បាប់កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបានប្រកាសជាផ្លូវការនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្ម ពិភពលោកនៅទីក្រុង Abu Dhabi កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម បន្តថា បច្ចុប្បន្នអង្គការពាណិជ្ជកម្មពិភពលោកមានសមាជិកចំនួន ១២៨ បានចូលរួមគាំទ្រយ៉ាងសកម្ម ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃច្បាប់ពាណិជ្ជកម្មសកល សំដៅជំរុញផលប្រយោជន៍ដល់ការអភិវឌ្ឍជារួម និងបានបញ្ជាក់ថា ការសិក្សាពីតម្រូវការចាំបាច់នៅពេលនេះ គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការត្រួតពិនិត្យអនុលោមភាព និងបច្ចុប្បន្នភាព នៃប្រតិបត្តិការផ្តល់កិច្ចសម្រួលវិនិយោគ ធៀបនឹងស្តង់ដាអន្តរជាតិ។ ការវាយតម្លៃនេះ នឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់ បាននូវអាទិភាពការងារដែលអាចអនុវត្តបានភ្លាមៗ និងតម្រូវការជំនួយ បច្ចេកទេស ឬការកសាងសមត្ថភាពបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីបំពេញចន្លោះខ្វះខាតនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដមអគ្គលេខាធិការរងគូសបញ្ជាក់ថា ការសម្របសម្រួលវិនិយោគ មិនមែនត្រឹមតែជាការបង្កើនតួលេខរំហូរទុនវិនិយោគ ផ្ទាល់ ពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចពិតប្រាកដ តាមរយៈការបង្កើតការងារជូន ប្រជាពលរដ្ឋ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និងការផ្ទេរបច្ចេកវិទ្យាទំនើប ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ដោយមានកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយធនាគារពិភពលោក និង មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់ វិស័យជាក់លាក់នីមួយៗ ក្នុងការត្រៀមអនុវត្តកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។ ចំណែកបេសកកម្មសិក្សាពីតម្រូវការចាំបាច់ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះរួមមានសកម្មភាពនៃការរៀបចំសិក្ខា សាលា និងជំនួបទ្វេភាគីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣