ព័ត៌មាន
អ្នកនាំពាក្យ៖ វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សីជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិនៅ ក៏ដូចជាសារព័ត៌មានអន្តរជាតិនានា នៅតាមបណ្តោយព្រំដែនកម្ពុជា គឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ជនភៀសសឹកក្នុងវត្តធម្មរង្ស៊ី ស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ។ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនិងគណៈប្រតិភូបានឃើញផ្ទាល់ភ្នែកពីស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារស្ថានភាពមិនទាន់អំណោយផល និងការរារាំងពីកងកម្លាំងប្រដាប់អាវុធថៃ។
រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥ម៉ឺននាក់ទៀតនៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាងដោយផ្តល់ជូននូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែងដើម្បីអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននាពេលខាងមុខ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិនៅ ក៏ដូចជាសារព័ត៌មានអន្តរជាតិនៅតាមបណ្តោយព្រំដែនគឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕





-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ