ព័ត៌មាន
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១មេសាខាងមុខនេះតទៅ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ (បើកជាអចិន្ត្រៃយ៍) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ខណៈគម្រោងសាងសង់ទាំងមូល ទាំងស្ពាន និងផ្លូវតភ្ជាប់សម្រចបាន៩៦,៨៤%ហើយនោះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីវឌ្ឍនភាពរួមនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយមកដល់ពេលនេះសម្រេចបាន ៩៦, ៨៤% ហើយគ្រោងនឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ(បើកជាអចិន្ត្រៃយ៍)។ អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះវឌ្ឍនភាពស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤% ឯការងារផ្លូវមេ និងផ្លូវខ្នែង ក៏សម្រេចបាន ៩៩,០៩%ហើយដែរ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺជាការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។

សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង