ព័ត៌មាន
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ នៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការអនុវត្តការងារសាងសង់ ផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ ម៉ែត្រ និង បណ្តោយផ្លូវប្រវែង ៨០ គ.ម ស្ថិតក្នុងខេត្តក្រចះ, និង ការស្នើសុំការលើកទឹកចិត្ត និង ការអនុគ្រោះនានា សម្រាប់ការអនុវត្តការងារសាងសង់ផ្លូវមួយខ្សែនេះ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងអភិឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្បន៍ និង តំណាងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសារសំខាន់នៃគម្រោងរបស់ ក្រុមហ៊ុន ខេ.ភី ស៊ីមេន ដែលជាក្រុមហ៊ុនវិនិយោគចម្រុះវិស័យ ហើយមានឆន្ទៈចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់សកម្មភាពវិនិយោគរបស់ខ្លួន, តួយ៉ាង កំពង់ផែពហុបំណង និង ផ្លូវដឹកជញ្ជូនប្រវែង ៨០ គ.ម ដែលក្រុមហ៊ុនជាអ្នកទទួលបន្ទុកចំណាយ ។
រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ក.វ.ឦសាន តែងតែបានផ្តល់ការសម្របសម្រួលជាអតិបរមាជូនក្រុមហ៊ុន ដើម្បីធានាថា ការសាងសង់ផ្លូវនេះអាចដំណើរការបានដោយរលូន ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន, ទន្ទឹមនេះ ក្រុមហ៊ុនត្រូវធានាអនុលោមភាពបច្ចេកទេសនៃការសាងសង់ និង ការគ្រប់គ្រងផលប៉ះពាល់លើសង្គម និង បរិស្ថាន ដែលអាចកើតមានជាយថាហេតុ ។ ក្នុងនោះដែរ, ក្រុមហ៊ុនត្រូវបំពេញនីតិវិធី និង បទដ្ឋានបច្ចេកទេស នៃការសាងសង់ផ្លូវ, ធានាសុពលភាពប្រើប្រាស់ បន្ទាប់ពីបញ្ចប់ការសាងសង់, ចូលរួមសហការថែទាំផ្លូវ និង ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាអតិបរមា ក្នុងការសាងសង់ផ្លូវ ។
អង្គប្រជុំ បានសម្តែងការគាំទ្រដល់ការផ្តល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា សមស្របទៅតាមខ្លឹមសារ និង ស្មារតីនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ហើយបានសម្តែងឆន្ទៈចូលរួមគាំទ្រ ចាប់ពីដំណាក់កាលសាងសង់ រហូតដល់ដំណាក់កាលប្រគល់-ទទួល, ការត្រួតពិនិត្យគុណភាពនៃការសាងសង់ និង ផ្តល់ការសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហារាំងស្ទះនានា ជូនដល់ក្រុមហ៊ុន ក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កើនទំនុកចិត្តវិនិយោគ និង នាំមកនូវផ្លែផ្កាជាក់ស្តែង តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលកើតចេញពីការវិនិយោគឯកជន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅក្នុងតំបន់ភូមិភាគឦសានទាំងមូល៕





-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា6 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន2 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី