ព័ត៌មាន
ក្រសួងការងារជំរុញវិស័យឯកជនពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលលើវិស័យ ធីវ៉េត ដើម្បីផលចំណេញរួម
ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុង«កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប» ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យវិស័យឯកជន និងដៃគូពាក់ព័ន្ធក្នុងតំបន់អាស៊ាន ពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលទៅលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យបានរឹងមាំ ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតបយ៉ាងរហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមនៃ «ជំនាញ» តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងការបណ្តុះបណ្តាលវិស្វករម៉េកាត្រូនិក និងអ្នកជំនាញបច្ចេកទេស ព្រមទាំងបញ្ចូលការពិភាក្សាពីបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូល។ ជាក់ស្តែង ផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤–២០២៨ ក្រសួងកំពុងជំរុញយ៉ាងសកម្មនូវគោលការណ៍ «ពលរដ្ឋម្នាក់ទទួលបានយ៉ាងហោចណាស់ជំនាញមួយសម្រាប់ជីវិត ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ»។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាផ្តល់ជូនវិនិយោគិននូវកម្លាំងពលកម្មវ័យក្មេង សកម្ម និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលត្រូវបានគាំទ្រដោយប្រព័ន្ធបណ្តុះបណ្តាលជាតិដ៏រីកចម្រើន និងការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET រួមទាំងការពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះបណ្តាលជាតិ (រួមទាំងកម្មវិធីបណ្តុះបណ្តាលយុវជន ១,៥លាននាក់) និងកិច្ចសហការជាមួយឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិតកម្មសម័យទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ជាមួយនឹងប្រជាជនវ័យធ្វើការច្រើន ប្រព័ន្ធបណ្តុះបណ្តាលបត់បែន និងមូលនិធិអភិវឌ្ឍន៍ជំនាញដែលបានបែងចែកថវិកាច្បាស់លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់បានភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣