ព័ត៌មាន
ដំណាំម្អមផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករក្នុងក្រុងសៀមរាប
ការដាំដំណាំម្អម បានក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករ និងផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈដែលបច្ចុប្បន្នដំណាំប្រភេទនេះមានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ។
កសិករដាំដំណាំម្អមរស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកស្រី ជិន សារុំ បានឱ្យដឹងថា ម្អមគឺជាប្រភេទដំណាំវិលជុំដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់រដូវកាល ហើយរបរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី ៣០ម៉ឺន ទៅ៥០ម៉ឺនរៀលក្នុងមួយខែ ព្រោះតម្លៃលើទីផ្សារក្នុងឆ្នាំនេះ មានសភាពសមរម្យផងដែរ។អ្នកស្រីបានឱ្យដឹងទៀតថា ការជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញពីបច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ និងងាយស្រួលថែទាំ មិនសូវរើសដី និងមិនត្រូវការបច្ចេកទេសស្មុគស្មាញដូចដំណាំដទៃ។ ក្រៅពីការដាំម្អម អ្នកស្រីក៏អាចដាំបន្ថែមលើដំណាំរួមផ្សំផ្សេងទៀតដូចជា ស្ពៃ, ត្រកួន, ខ្ទឹម និងជីគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបផងដែរ។
អ្នកស្រីលើកឡើងថា ក្នុងមួយថ្ងៃៗ អ្នកស្រីទទួលបានការកុម្ម៉ង់ពីអាជីវករតាមផ្សារនានា ចាប់ពី ១០០បាច់ ទៅ៤០០បាច់ អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។ ប៉ុន្ដែអ្នកស្រីលើកឡើងថា ការដាំម្អមនេះតែក្នុងរដូវប្រាំងប៉ុណ្ណោះ ព្រោះតំបន់គាត់រស់នៅប្រឈមនឹងការលិចទឹកក្នុងរដូវវស្សា ។
សូមបញ្ជាក់ថា សង្កាត់ជ្រាវ ក្រុងសៀមរាប មួយផ្នែកជាប់បឹងទន្លេសាប ហើយកសិករភាគច្រើនដាំណាំដំណាំ និងធ្វើស្រែប្រាំងនិងស្រែវស្សា ។ អ្នកស្រីជិនសារុំ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរនៅជុំវិញផ្ទះ គួរងាកមកដាំដំណាំរួមផ្សំផ្សេងៗ ជាជាងការទុកដីឱ្យទំនេរចោល ព្រោះការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាប្រភពចំណូលបន្ថែម កាត់បន្ថយការនាំចូលបន្លែពីក្រៅ និងធានាបាននូវបន្លែសុវត្ថិភាពសម្រាប់បរិភោគទៀតផង៕
អត្ថបទ ៖ ឈិត សាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣