ព័ត៌មាន
ចិននឹងជួយសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងបង្កើនស្តង់ដារវេជ្ជសាស្ត្រ
ព្រះសីហនុ៖ រដ្ឋាភិបាលចិននឹងជួយកម្ពុជា ក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។
កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែឈរ ជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។
ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធផលជាផ្លែផ្កា កាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានបង្ហាញ ក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន ។
ឯកឧត្តមបានថ្លែងថាភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា»៕







-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ