ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង ខណៈអេមរុរ៉ាយស៍ចុះកិច្ចព្រមព្រៀងថ្មីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោនទៅកាន់ក្រុមហ៊ុនអូស្រ្តាលីបន្ថែម
ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងដែលបានចាប់ផ្តើមចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំយកអង្ករកម្ពុជាទៅកាន់ផ្សារទំនើបធំៗក្នុងប្រទេសអូស្ត្រាលី។
ថ្ងៃនេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ នៅរោងចក្រកែច្នៃអង្ករអេមរុរ៉ាយស៍ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករចំនួនពីរទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
ការគាំទ្ររបស់អូស្ត្រាលី ធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកើតឡើងបាន។ តាមរយៈ កិច្ចផ្តួចផ្តើមក្រោមការគាំទ្ររបស់អូស្ត្រាលី ដែលមានគោលដៅជាក់លាក់ ក្នុងន័យពង្រីកការនាំចេញផលិតផលកសិ-ចំណីអាហារដែលមានតម្លៃបន្ថែមរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមក្នុងដំណើរទស្សនកិច្ចជំរុញពាណិជ្ជកម្ម នៅប្រទេសអូស្ត្រាលី ហើយបានទទួលកិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់ ក្រោមជំនួយរបស់អូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងការជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មសម្រាប់កិច្ចព្រមព្រៀងមួយនេះផងដែរ។
លោកឯកអគ្គរដ្ឋទូត យីប បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងការទទួលបាននូវភាពជាដៃគូរយៈពេលវែងនេះ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងអូស្ត្រាលី និងកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីររបស់យើង។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ឱ្យអតិថិជនអូស្ត្រាលីនូវជម្រើសកាន់តែច្រើន ជាមួយនឹងផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដែលគេអាចស្វែងរកបាននៅតាមផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី។ យើងកំពុងជួយអ្នកនាំចេញកម្ពុជាឱ្យចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយបរិយាបន្ននៅកម្ពុជា»។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា៖ «ការចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Green Group ជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ទៅកាន់ប្រទេសអូស្ត្រាលី។ យើងមានមោទនភាពក្នុងការផ្គត់ផ្គង់អង្ករក្រអូបប្រណិតផ្កាម្លិះកម្ពុជា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើកសិកម្មប្រកបដោយនិរន្តភាព និងការកែច្នៃដែលផ្តល់តម្លៃបន្ថែម»។
កិច្ចព្រមព្រៀងនេះ រួមចំណែកបន្ថែមទៀតទៅលើការកើនឡើងពាណិជ្ជកម្មរវាងអូស្ត្រាលី-កម្ពុជា ដែលមានស្រាប់។ ក្នុងឆ្នាំ២០២៥ ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារអាមេរិក គឺជាការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។
នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណខ្ពស់បំផុតចំនួន ៩៤០ ០០០តោន ដែលទទួលបានទឹកប្រាក់ចំនួន ៦០២លានដុល្លារអាមេរិក។ ទីផ្សារអង្ករអូស្ត្រាលីត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីចន្លោះ ៥,៧ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ២០២៤) ដល់ ៧,១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៣។ ការកើនឡើងនេះ គឺដោយសារកំណើននៃតម្រូវការប្រភេទអង្ករប្រណិត អង្ករសរីរាង្គ និងអង្ករពិសេស ដែលទាំងនេះ គឺសុទ្ធតែជាចំណុចខ្លាំងរបស់អ្នកផលិត និងនាំចេញកម្ពុជា ដូចជាក្រុមហ៊ុនអេមរុរ៉ាយស៍ ជាដើម។
នៅឆ្នាំ២០២៤ ក្រុមហ៊ុន Green Group បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអូស្រ្តាលីនេះ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ លើការធ្វើពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារកម្ពុជា រួមទាំងអង្ករ នៅក្នុងពិធីមួយនៅទីក្រុងស៊ីដនី ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
លោក Nelson Green នាយកគ្រប់គ្រងក្រុមហ៊ុន Green Group បានលើកឡើងថា៖ «ដើម្បីទទួលបានជោគជ័យ ក្នុងការទទួលយកផលិតផលចំណីអាហារទៅកាន់ទីផ្សារណាមួយ វាចាំបាច់ណាស់ ដែលអ្នកនាំចេញ និងអ្នកនាំចូលត្រូវធ្វើការជាមួយគ្នាជាក្រុម។ ទំនាក់ទំនងរវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group គឺជាឧទាហរណ៍មួយនៃភាពជោគជ័យនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ និងការចាប់អារម្មណ៍ចំពោះគម្រោងនេះផងដែរ»។
[3/6/2026 6:29 PM] Dara VOUN BTV: អូស្ត្រាលី បានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ តាមរយៈការស្រាវជ្រាវអំពីពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្មផងដែរ។ ភាពជាដៃគូនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើការពង្រឹងសមត្ថភាពកែច្នៃផលិផលកសិកម្មក្នុងប្រទេស ការពង្រីកទីផ្សារនាំចេញ និងការលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព។






-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ