ព័ត៌មាន
រដ្ឋមន្រ្តីការងារ ចាត់ទុកស្ត្រីជាឆ្អឹងខ្នងក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដោយក្នុងឱកាសនោះ បានគូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។
នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅកោះពេជ្រ ដែលមានសមាសភាពចូលរួមពី មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភរិយាវីរកងទ័ព នគរបាល កងរាជអាវុធហត្ថ អតីតយុទ្ធជន គ្រួសារពលី និងមរណភាព មន្រ្តីរាជការខណ្ឌ ក្រុមប្រឹក្សា និងមន្រ្តីសង្កាត់ មកពីខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ សរុបជាង ២ពាន់នាក់។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា ការជ្រើសរើសយកប្រធានបទនេះ គឺពិតជាចំកាលៈទេសៈ និងស្ថានភាពជាក់ស្តែងដែលបានកើតឡើងចំពោះស្រ្តី នារី និងក្មេងស្រីនៃគ្រួសារវីរកងទ័ព កម្លាំងប្រដាប់អាវុធ និងជនភៀសសឹក។ នេះជាទិដ្ឋភាពជាក់ស្តែង និងចាក់ចំបេះដូងប្រជាពលរដ្ឋ ដែលនៅតែចងចាំស្រ្តីពីគ្រួសារវីរកងទ័ព ដែលត្រូវមានចិត្តអំណត់ មោះមុត ក្នុងការលើកទឹកចិត្តគ្រួសារ ប្តី កូន និងឳពុករបស់ខ្លួន ឱ្យមានចិត្តនឹងនប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តួអង្គដ៏សំខាន់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺវីរកងទ័ពកម្ពុជា ដែលត្រូវជាឪពុក ស្វាមី ពូ បងប្អូន ក្មួយ និងកូនៗរបស់អ្នកមីង បងស្រី ប្អូនស្រី និងក្មួយស្រី ដែលកំពុងមានវត្តមាននៅទីនេះផ្ទាល់។ បងប្អូនវីរកងទ័ពបានលះបង់សាច់ស្រស់ ឈាមស្រស់ និងគោរពដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដី និងទប់កុំឱ្យសង្រ្គាមរីករាលដាលក្នុងទ្រង់ទ្រាយធំ។ ការលះបង់ និងការពលីរបស់វីរកងទ័ពកម្ពុជា គឺជាការលះបង់ដ៏ធំធេង ជាគំរូវីរភាពមួយ និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ ដែលត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាស្នូលមួយនៃកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់នីតិកាល។ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់សម្តេចធិបតី រាជរដ្ឋាភិបាលបានបន្តកំណត់ការលើកកម្ពស់សិទ្ធិ សេរីភាព សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣