ព័ត៌មាន
សម្តេច ម៉ែន សំអន អំពាវនាវឱ្យការពារ និងលុបបំបាត់រាល់ឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធរួមគ្នាការពារ និងលុបបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី ដើម្បីលើកកម្ពស់សិទ្ធិ តួនាទី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិ។

ការអំពាវនាវនេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងកោតសរសើរចំពោះលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងសមាជិកាសមាគមគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការងារដោយសាមគ្គីភាព ឯកភាព និងសហការល្អជាមួយអាជ្ញាធរ និងដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងលើកកម្ពស់សុខុមាលភាពស្ត្រី និងគ្រួសារ។

សម្តេចបានបញ្ជាក់ថា ប្រធានបទទិវានារីអន្តរជាតិឆ្នាំ២០២៦ មានគោលបំណងបង្ហាញពីសារៈសំខាន់នៃសុខសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងគ្រួសារ ក្នុងការរួមចំណែកកសាងសង្គមប្រកបដោយសាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ប្រធានបទនេះក៏ជាការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ក្នុងការការពារ និងលុបបំបាត់ឧបសគ្គនានាដែលប៉ះពាល់ដល់ស្ត្រី ដើម្បីបង្កើនឱកាសអភិវឌ្ឍន៍ និងពង្រឹងសហគមន៍ឲ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានឲ្យដឹងថា កន្លងមកសមាជិកាសមាគមបានអនុវត្តការងារយ៉ាងសកម្ម ស្របតាមលក្ខន្តិកៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ត្រី និងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ បានយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិ និងតួនាទីស្ត្រី ដោយបច្ចុប្បន្នខេត្តកំពតមានស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់លំដាប់ថ្នាក់សរុបចំនួន ១១១រូប ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣