ព័ត៌មាន
វិស័យឯកជនរំពឹងថា ឆ្នាំ២០២៦នឹងក្លាយជាឆ្នាំនៃការស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជា
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា ជាមួយនឹងស្មារតីសាមគ្គីភាព វិន័យវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ គឺមានទំនុកចិត្តយ៉ាងខ្លាំងថា ឆ្នាំ២០២៦នេះ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងការស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជារបស់យើង។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៧ ខែមីនាកន្លងទៅ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកឡើងថា ការរំពឹងនេះដោយសារក្នុងឆ្នាំ២០២៥ ជាអំឡុងពេលមួយក្នុងចំណោមគ្រាលំបាកបំផុត ក្នុងប្រវត្តិសាស្ត្រនៃវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយក្នុងតំបន់ ភាពតានតឹងតាមព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ និងភាពតឹងរ៉ឹងនៃការបញ្ចេញចរន្តសាច់ប្រាក់ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងដល់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។ លោកបានបន្តថា ចំពោះសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុនសមាជិកជាច្រើនបានជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរ រួមមានការយឺតយ៉ាវក្នុងការបង់ប្រាក់ពីអតិថិជន ការទាមទារឱ្យក្រុម ហ៊ុនទិញផ្ទះត្រឡប់មកវិញ ការរឹតបន្តឹងលើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាជាដើម។

យ៉ាងណាក៏ដោយ លោកប្រធានសមាគម បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិនៅតែបន្តរក្សាបាន នូវស្ថិរភាពនយោបាយ និងភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។ ក្នុងបរិយាកាសនេះ សមាគមដែលមានសមាជិករហូតដល់ ៥៥ក្រុមហ៊ុន បានខិតខំប្រឹងប្រែងដោយភាព ហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើកកម្ពស់ការអនុវត្តតាមបទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិដើម្បីទទួលបានវិធានការគាំទ្រជាក់ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តើមជាបណ្តើៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែលប្រទេសកម្ពុជាទទួលស្គាល់កម្មសិទ្ធិឯកជន និងធ្វើការចុះបញ្ជីដីធ្លីឡើងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ ផ្ទះល្វែង ផ្ទះវីឡាជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក ត្រូវឈរលើទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ក្នុងការអភិវឌ្ឍលំនៅឋានដើម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ